រិទ្ធី

គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែលមានឯកឧត្តម ជា សុផារ៉ា ជាប្រធាន បានចេញសេចក្តីណែនាំ និងវិធានការស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រពន្ធលូ សម្រាប់រាល់សំណង់អគារលំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រ ដែលមានស្រាប់ និង/ឬគម្រោងសាងសង់ថ្មី នៅខេត្តព្រះសីហនុ។ យោងតាមលិខិតចុះថ្ងៃទី១៨ ខែកញ្ញា។

លិខិត​ដែល​បញ្ជូនទៅ​អភិបាលខេត្ត​ព្រះសីហនុ មានសេចក្តីថា៖  សំណង់​អគារ​លំនៅឋាន និង​ពាណិជ្ជកម្ម​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ឱ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ​សំណង់​ទាំងនោះ​នឹងត្រូវ​ផ្អាក​ការសាងសង់ ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្ដោះអាសន្ន​។

​លិខិត​ដដែលបន្តថា៖ រាល់​សំណង់​អគារ​លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​រោងចក្រ ដែលមាន​ស្រាប់ ឬ​គម្រោង​សាងសង់​ថ្មី ត្រូវ​រៀបចំ​ឱ្យមាន​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ក្នុង​ទីតាំង​ដីឡូត៍​រៀងៗ​ខ្លួន​ជាមុន ស្របតាម​មុខងារ​ប្រើប្រាស់​អគារ និង​បទដ្ឋាន​បច្ចេកទេស​សំណង់ និង​បរិស្ថាន​ល្អ​។ រួចហើយ​សំណង់​ទាំងនោះ​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូត​ភ្ជាប់​ទឹក​កខ្វក់​ដែល​ចម្រោះ​រួច​នេះ ចូលទៅ​ប្រព័ន្ធ​លូ​សាធារណៈ​របស់​ខេត្ត ដែល​ហូ​រត​ភ្ជាប់​ទៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​របស់​ខេត្ត​ព្រះសីហនុ​។

គួរបញ្ជាក់​ផងដែរ​ថា ពេល​ថ្មីៗ​នេះ ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ បាន​រង​ការប៉ះពាល់​ពី​ករណី​ធំៗ​ចំនួន​ពីរ គឺ​ករណី​ទី​១ ក្រុមហ៊ុនរបស់យាយភូ ​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​។ និង​ករណី​ទី​២ ទឹកសមុទ្រ​មួយផ្នែក​បាន​ប្រែជា​ល្អក់ ដោយ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់ថា​ព្រោះ​ទឹក​ភ្លៀវ​បាន​ហូរ​យក​អាចម៍ដី​របស់​ការដ្ឋាន​សំណង់​ចូល​សមុទ្រ​។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឱ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor