ព្រះសីហនុ៖ បើតាមមន្ត្រីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានប្រាប់ អ្នកសារព័ត៌មាន Swift News បានឲ្យដឹងទៀតថា ពិតជាមានការចាក់ដីរំលោភយកឆ្នេរព្រែកត្រែង ធ្វើជាកម្មសិទ្ធិពិតមែន ប៉ុន្តែអាជ្ញាធរខេត្តគឺមិនហ៊ានហាមឃាត់ទេ ដោយហេតុថាលិខិតអនុញ្ញាតចេញមកនោះ គឺសុទ្ធតែថ្នាក់កំពូលៗតែម្ដង។
ហើយបើតាមប្រភពបន្តទៀតថា តាមអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុដឹង និងទទួលបានការ ម្ចាស់ដែលទទួលបានសិទ្ធិអនុញ្ញាតចាក់ដីរំលោភយកតំបន់ឆ្នេរសមុទ្រនោះ គឺរបស់លោកស្រីឧកញ៉ា ជឹង សុភាព ហៅយាយ ភូ ដែលជាជើងខ្លាំងបូមខ្សាច់លុបដីបឹងកក់ និងបង្កឲ្យមានទំនាស់ដ៏រ៉ាំរ៉ៃ កណ្តាលរាជធានីភ្នំពេញ ។
តាមរយៈបទពិសោធក្នុងការបូមខ្សាច់លុបបឹងកក់ កណ្តាលរាជធានីភ្នំពេញនេះហើយ ទើបឥឡូវនេះយកបទ ពិសោធមុន មកប្រើក្នុងការចាក់លុបសមុទ្រនៅខេត្តព្រះសីហនុម្តង នេះបើតាមការលើកឡើងពីប្រភពសុំមិនបញ្ចេញឈ្មោះ។
ហើយបើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន Swift News ដោយសុំមិនបញ្ចេញឈ្មោះ កាលរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា ករណីសកម្មភាពចាក់រំលោភចូលឆ្នេរសមុទ្រដែលកំពុងមានការប្រតិកម្មយ៉ាងខ្លាំងនេះ ខាងជំនាញ និងអាជ្ញាធរខេត្ត បានរៀបចំចុះទៅពិនិត្យមើលដែរ ប៉ុន្តែក៏ត្រូវបានផ្អាកវិញ ព្រោះប៉ះសុទ្ធតែខ្សែធំថ្នាក់កំពូលៗ ដោយម្ចាស់ដីមានឈ្មោះអ្វីនោះលោកមិនហ៊ាននិយាយទេគ្រាន់តែដឹងថាជាមនុស្សមានឥទ្ធិពលខ្លាំងជាមួយថ្នាក់លើ។
សូមជម្រាបជូនថា សកម្មភាពចាក់ដីលប់រំលោភយកឆ្នេសមុទ្រ ដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននេះ ស្ថិតនៅតំបន់ឆ្នេរព្រែកត្រែង ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានចម្ងាយត្រឹមតែ ៩គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមស្រុកស្ទឹងហាវ។
ចំពោះ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ មិនអាចសុំការបំភ្លឺជុំរឿងចាក់ដីរំលោភយកឆ្នេរសមុទ្រនេះបានទេ ដោយលោកប្រាប់ថាកំពុងជាប់រវល់ ហើយចំពោះមេការគ្រប់គ្រងចាក់ដីរំលោភតំបន់ឆ្នេរសមុទ្រខាងលើ ក៍មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ព្រោះប្រព័ន្ធទូរស័ព្ទមិនអាចភ្ជាប់បាន។
មួយផ្នែកទៀត បើតាមមន្ត្រីគ្រប់គ្រងក្នុងតំបន់នោះ ក៍បាននិយាយថា បុគ្គលដែលចាក់រំលោភឆ្នេរសមុទ្រ នៅតំបន់ព្រែកត្រែងនោះ អាចជាលោកស្រីឧកញ៉ា ជឹង សុភាព ហៅយាយ ភូ ៩០% ហើយ៕