កំពតៈ នៅពេលខាងមុខ ខេត្តកំពត នឹងមានរថភ្លើងល្បឿនលឿន ដែលធ្វើដំណើរពីភ្នំពេញ-កំពត ប្រើពេលតែត្រឹមមួយម៉ោងប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ខេត្តកំពត ក៏នឹងមានព្រលានយន្តហោះមួយថ្មី ដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក និងអាចឈានទៅទាក់ទាញភ្ញៀវក្រៅស្រុក ដូចដែលអ្នកជិតខាងយើងមាន ហើយគម្រោងនេះ ត្រូវចំណាយថវិកាប្រមាណ៥០លានដុល្លារ។
នេះបើតាមប្រសាសន៍របស់លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងនៅក្នុងកិច្ចស្វាគមន៍គណៈកម្មាការទី១០ នៃព្រឹទ្ធសភាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសាលាខេត្ត។
លោក ជាវ តាយ បន្តថា ដើម្បីឲ្យគម្រោងនេះដំណើរការ រដ្ឋបាលខេត្តកំពត នឹងបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា ក្រុមហ៊ុនមូលធនអភិវឌ្ឍន៍ខេត្តកំពត ក្នុងនោះ ក្រុមហ៊ុនតម្រូវឲ្យមានភាគហ៊ុនចំនួនមួយពាន់ហ៊ុន ស្មើ៥០លានដុល្លារ មួយហ៊ុនស្មើប្រាំម៉ឺនដុល្លារ ហើយប្រជាជនទូទាំងប្រទេស អាចចូលភាគហ៊ុនបានទាំងអស់។ ក្នុងនោះ លោក ជាវ តាយ ក៏បានដាក់មួយរយភាគហ៊ុន ស្មើនឹងប្រាំលានដុល្លារ ដើម្បីបើកមុខដឹកនាំធ្វើកិច្ចការនេះ។
លោកអភិបាលថា លោកបាន និងកំពុងទំនាក់ទំនងជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើជាគោលក្នុងការធ្វើកិច្ចការងារនេះឲ្យចេញជារូបរាង ត្រឹមត្រូវតាមគម្រោង និងបទដ្ឋានស្តង់ដា។
លោកអភិបាលបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តកំពត ដឹកនាំតាមរបៀបប្រើប្រាស់យន្តការ គិត គូរធ្វើអនុវត្តតែម្តង មិនចាំពេលវេលាទេ ហើយក៏មិនឲ្យពេលវេលារង់ចាំយើងដែរ មិនមែនគិតប្រើពេលមួយឆ្នាំ គូរកន្លះឆ្នាំ រួចបានសុំលុយគម្រោងអស់ពេលពីរឆ្នាំទៀត ទើបធ្វើគម្រោងមួយត្រូវប្រើរយៈពេលអស់បួនទៅប្រាំឆ្នាំទៅហើយ អីចឹងមិនអាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបានទេ ព្រោះការអភិវឌ្ឍរីកចម្រើនកាន់តែលឿន តម្រូវការពលរដ្ឋកាន់តែខ្ពស់ និងចាំបាច់ បើរដ្ឋបាលខេត្ត រត់មិនទាន់ មិនអាចបំពេញតម្រូវការគាត់ នោះនឹងបង្កើតការថ្នាំងថ្នាក់។
សូមបញ្ជាក់ថា លោក ជាវ តាយ កន្លងមកបានប្រកាស និងបានកំពុងអនុវត្ត នៅគម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះសំខាន់ៗមាន ការចាក់ផ្លូវបេតុងទូទាំងខេត្ត ការដាំបង្គោលដាក់អំពូលភ្លើង នៅក្រុង នឹងទីរួមស្រុក (រួមទាំងការបង្កើតផ្លូវថ្មីផង) ការបង្កើតកំពង់ផែទេសចរណ៍អន្តរជាតិ គម្រោងសាងសង់ឆ្នេរកម្សាន្ត ការសាងសង់វិមានឯករាជ នៅចំណុចចំណតរថយន្ត ការបង្កើតសហគមន៍កសិករ ដើម្បីឲ្យកសិករខ្ចីប្រាក់ ជាដើម៕