header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារចំនួន៣គ្រាប់ ទៅលើបុរស​ម្នាក់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចខាងជើងផ្សារនាគមាស ទល់មុខផ្ទះសំណាក់ A5 លើផ្លូវ២៣៤ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភ្នាក់ងារខេមប៉ុស្ដិ៍ នៅកន្លែងកើតហេតុ រាយការណ៍ឲ្យដឹងថា ព័ត៌មានបឋមដែលយើងទទួលបាន គឺបុរសអ្នកអូសបន្លែម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៣គ្រាប់ បណ្ដាលឲ្យដេកផ្កាប់មុខស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុនៅឡើយទេ។ ភ្លាមៗ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីករណីបាញ់ប្រហារនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះធ្វើកោសល្យវិច័យ ហើយរកឃើញសម្បកគ្រាប់ចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ។

ដោយឡែក ក្រុមកម្មករអូសរទេះនៅផ្សារនាគមាស ឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនថ្នាំ ដែលកន្លងទៅធ្លាប់ត្រូវសមត្ថកិច្ចចាប់ប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចក្រុង យកទៅអប់រំកែប្រែម្ដងរួចមកហើយ នៅពេលជនរងគ្រោះដើរអុកឡុកផ្ទះគេ។

ប្រភពបន្តថា លុះនៅព្រឹកថ្ងៃកើតហេតុ គេឃើញជនរងគ្រោះអង្គុយនៅចំណុចកើតហេតុ តែមិនដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែមានជនសង្ស័យម្នាក់ ដើរមក ហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ចំនួន៤គ្រាប់ បណ្ដាលឲ្យបុរសរងគ្រោះដួលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ភ្លាមៗ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ធី ធូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើរនៅភូមិគោកដណ្តែក ឃុំគោកសណ្ដែក ស្រុកស្អាង ខេត្តកណ្តាល។

យ៉ាងណា សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីករណីបាញ់សម្លាប់មនុស្សខាងលើឡើយ ដោយបានត្រឹមតែអះអាងយ៉ាងខ្លីថា រង់ចាំធ្វើការស៊ើបអង្កេតជាមុនសិន។ រហូតមកទល់ម៉ោងជាង៧៖៣០នាទីព្រឹកនេះ សមត្ថកិច្ចបានដឹកសាកសពជនរងគ្រោះ យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ និងបើកការស្រាវជ្រាវឈានទៅកំណត់មុខសញ្ញា ដើម្បីតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post