header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីយោធាម្នាក់ បានរងរបួសជាទម្ងន់ ហើយបង្ខំចិត្តបាញ់មេឃ៣គ្រាប់ ដើម្បីបំបែកហ្វូងក្រុមក្មេងទំនើងបាតសង្គម បន្ទាប់ពីចូលទៅឃាត់ពួកគេមិនឲ្យឈ្លោះគ្នា បែរជាកាប់គាត់ឲ្យរបួសវិញ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧​៖៣០នាទីយប់ ថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចក្នុងបុរី ចាន់ សម្បត្តិ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងទំនើងមួយក្រុមបានផឹកស៊ីជាមួយគ្នា ស្រាប់តែឈ្លោះគ្នាយ៉ាងខ្លាំង។ ភ្លាមនោះ ឈ្មោះ អ៊ឹម សុថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធា ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) បានចូលទៅឃាត់ពួកគេកុំឲ្យឈ្លោះគ្នា ប៉ុន្តែក្រុមក្មេងទំនើងទាំងនោះ មិនស្ដាប់គាត់ទេ។ ក្រោយមក ស្រាប់តែក្រុមក្មេងទំនើងបែរជាទាញកាំបិត កាប់ទៅលើមន្ត្រីយោធានោះ ត្រូវចំដៃមួយកាំបិត បណ្ដាលឲ្យដាច់រយះកំភួនដៃខាងឆ្វេង ទើបគាត់បង្ខំចិត្តដកកាំភ្លើងនៅចង្កេះ បាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកហ្វូងពួកគេតែម្ដង ប៉ុន្តែមិនបណ្ដាលឲ្យត្រូវនរណាម្នាក់ឡើង។

ក្រោយពីបង្កការភ្ញាក់ផ្អើលដោយស្នូរគ្រាប់កាំភ្លើងហើយនោះ គេសង្កេតឃើញកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ ហើយដកហូតកាំភ្លើងម៉ាក រ៉ូឡូ ចំនួន១ដើម របស់មន្ត្រីយោធា យកទៅរក្សាទុកបណ្ដោះអាសន្ន ខណៈមន្ត្រីយោធារងគ្រោះ ដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសផងដែរ។

សម្រាប់ករណីនេះ សមត្ថកិច្ចបញ្ជាក់ថា នឹងមិនឲ្យក្រុមក្មេងទំនើងទាំងនោះ បង្កបញ្ហាដែលនាំឲ្យកើតអសន្តិសុខដល់សង្គមទៀតឡើយ ហើយថា នឹងស្រាវជ្រាវរកចាប់ខ្លួនពួកគេយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។ ដោយឡែក ករណីមន្ត្រីយោធា បាញ់បោះនោះ នឹងប្រគល់ឲ្យអង្គភាពសាម៉ីមានចំណាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post