អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសម្ដែង​ក្តីសង្ឃឹមថា សមាជិករដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិទី៦នេះ នឹងបំពេញភារកិច្ច ជំរុញសេដ្ឋកិច្ច លើក​កម្ពស់​ជីវភាពរបស់ប្រជាពលរដ្ឋ។

មានព្រះរាជបន្ទូលក្នុងពេលបើកសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះ​រាជបន្ទូលយ៉ាងដូច្នេះថា ចាប់ពីពេល ដែលរដ្ឋសភា ចាប់បដិសន្ធិជាថ្មី នាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំហើយ កម្ពុជា បានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដីទៅជាប្រទេស ដែលមានសន្តិភាព ស្ថិរភាពប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋ បានរស់នៅប្រកប​ដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ព្រះអង្គបានមានព្រះបន្ធូលបន្តថា រដ្ឋសភា ជាអង្គការមានអំណាចនីតិប្បញ្ញត្តិ និងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋសភាធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ធានាការអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទូយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាជនពលរដ្ឋ។

ព្រះអង្គបានគូសបញ្ជាក់ថា "តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការងារធ្វើឲ្យសមរម្យ​ទៅតាមកម្លាំងសមត្ថភាព និងកម្រតវិជ្ជារបស់ខ្លួន"

ព្រះករុណាក៏បានមានព្រះបន្ទូលទៀតថា ច្បាប់ទាំងឡាយ ដែលរដ្ឋសភា អនុម័ត គឺជាឧបករណ៍គតិយុត្តិ សម្រាប់រាជរដ្ឋាភិបាលអនុវត្តន៍ និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើន​របស់សង្គមជាតិ។

ព្រះអង្គបានគូសបញ្ជាក់ទៀតថា "ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញ កំណើន​សេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិវឌ្ឍន៍ និងអភិវឌ្ឍ វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ"

ជាមួយគ្នានោះដែរ ព្រះអង្គក៏បានលើកឡើងថា ដើម្បីសម្រេចភារកិច្ចឧត្តុង្គឧត្តមនេះ ប្រជាជនកម្ពុជា ត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤យ៉ាង គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor