Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ លើលទ្ធផលនៃការប្រឡងបាក់ឌុប ក្នុងរយៈពេល១សប្តាហ៍ តាមសំណើរបស់បេក្ខជនតវ៉ានឹងលទ្ធផល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ក្រសួងបានសម្រេចរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយ ចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង (២០ សីហា ២០១៨) ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តន៍តាមនីតិវិធី នាឆ្នាំកន្លងមក។

ក្រសួងបញ្ជាក់ថា គណៈកម្មការកោសល្យវិច័យ នឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល១សប្តាហ៍។

សូមជម្រាបថា ការសម្រេចបង្កើតគណៈកម្មកាកោសល្យវិច័យនេះ បន្ទាប់ពីមានបេក្ខជន លោកគ្រូ អាណាព្យាបាលសិស្សិមួយចំនួន បានធ្វើការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០១៨ ដែលក្រសួងអប់រំ ទើបចេញកាលពីពេលថ្មីៗកន្លងមកនេះ។

ការតវ៉ានោះ បានផ្តោតសំខាន់ទៅលើភាពមិនប្រក្រតី នៃអត្រាកំណែវិញ្ញាសាគណិតវិទ្យា ដែលបេក្ខជនមួយចំនួន បានអះអាងថា ខ្លួនមានសមត្ថភាព រហូតអ្នកខ្លះធ្លាប់ជាសិស្សពូកែផ្នែកគណិតវិទ្យា ប៉ុន្តែក្រោយប្រកាសលទ្ធធ្លាក់ (F)។

កាលពីពេលថ្មីកន្លងមកនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងថា លោកនឹងធ្វើកោសល្យវិច័យលើសន្លឹកកិច្ចរបស់បេក្ខជនមួយចំនួន ដែលតវ៉ាឡើងវិញ ដើម្បីបង្ហាញពីភាពពិតផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា ចំនួនសិស្សជាប់បាក់ឌុបក្នុងឆ្នាំ២០១៨នេះ មានជាង៧ម៉ឺននាក់ ស្មើនឹងជាង៦៦% ក្នុងចំណោមបេក្ខជនមកប្រឡងជាង១១ម៉ឺននាក់។ បេក្ខជនជាប់និទ្ទេស A មានចំនួន២៩០នាក់, B ចំនួន១.៥៣២នាក់, C ចំនួន៤.៦៣១នាក់, D ចំនួន១៣.៩៩៩នាក់, និង E ចំនួន៥៤.៦០៧នាក់។

ក្នុងនោះរាជធានីភ្នំពេញ មានតួលេខខ្ពស់ជាងគេ ដោយនិទ្ទេស A មានចំនួន១៣៥នាក់, ខេត្តសៀមរាប មាន២១នាក់, កណ្តាល មាន១៦នាក់, បាត់ដំបង់ ១៥នាក់, តាកែវ ១៥នាក់, កំពង់ចាម ១៣នាក់, កំពត ១១នាក់, ត្បូងឃ្មុំ ៩នាក់, កំពង់ធំ ៩នាក់, កំពង់ឆ្នាំង ៩នាក់, បន្ទាយមានជ័យ ៩នាក់, ព្រៃវែង ៨នាក់, ក្រចេះ ៦នាក់, ពោធិ៍សាត់ ៤នាក់, ស្វាយរៀង ៣នាក់, កំពង់ស្ ពឺ៣នាក់, ព្រះសីហនុ ៣នាក់ និងខេត្តរតនគិរី មានតែម្នាក់។

ចំណែកខេត្ត ដែលពុំមានបេក្ខជនជាប់និន្ទេស A រួមមាន ខេត្តកោះកុង, កែប , មណ្ឌលគិរី, ឧត្តរមានជ័យ, ព្រះវិហារ, ប៉ៃលិន និងខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះដែរ បេក្ខជន១៧នាក់ ត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ ដោយប្រព្រឹត្តខុសឆ្គងផ្ទុយនឹងបទបញ្ញត្តិ និងកម្រិតវិន័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor