ព្រៃវែងៈ នៅម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមអាជីវកផ្សារព្រៃព្នៅចាស់ ស្ថិតចំណុចភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កំពុងជួបការលំបាក ដោយសារតែឈ្មោះ ហ៊ាន រី ម្ចាស់ផ្សារមិនព្រមរើឈើចេញពីផ្សារចាស់ ធ្វើឲ្យពួកគ្មានកន្លែងលក់ដូរ។
ក្រុមអាជីវកម្មបានឲ្យដឹងថា កាលពីម៉ោង២រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានដឹកនាំកម្លាំងក្រោមឱវាទមកជួយដោះស្រាយជូនអាជីវករនៅកន្លែងឃុំព្រៃព្នៅឲ្យឈ្មោះ ហ៊ាន រី យកឈើចេញពីផ្សារ ចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ ឲ្យអស់ចេញពីកន្លែងនេះ។
ក្រុមអាជីវកម្ម បានបន្តឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ ហ៊ាន រី ថ្លើមធំមិនស្តាប់បទបញ្ជាថ្នាក់ដឹកនាំ លោក សួន សុម៉ាលីន អភិបាលរងបន្តិចសោះ ប្រហែលជាលោក ហ៊ាន រី មានខ្នងបង្អែកធំហើយ បានជាមិនស្តាប់តាមការណែនាំពីអាជ្ញាធរខេត្ត។
ជុំវិញទុក្ខលំបាករបស់ក្រុមអាជីវកម្ម ភ្នាក់ងារអង្គភាពសារព័ត៌មាន CAM POST បានចុះមកផ្តិតយករូបនៅខាងលើ ហើយបានទំនាក់ទំនងតាម ទូរស័ព្ទទៅលោក សួន សុម៉ាលីន អភិបាលរងខេត្ត ពាក់ព័ន្ធនឹងរឿងផ្សារចាស់ លោកបញ្ជាឲ្យឈ្មោះ ហ៊ាន រី ឲ្យរើឈើចេញពីកន្លែងនោះឥឡូវគាត់មិនគោរពច្បាប់សោះ។ លោកអភិបាលរង បានបញ្ជាក់ថា ស្មានតែឈ្មោះ ហ៊ាន រីនោះរុះរើឈើចេញពីទីតាំងផ្សារចាស់អស់ហើយ។ ចាំលោកឲ្យអាជ្ញាធរស្រុក ចុះទៅពិនិត្យមើល។
ដោយឡែកលោក ហ៊ាន រី ប្រធានផ្សារ ក៏បានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញាថា ឈើនេះ គាត់បានលក់បន្តទៅឲ្យគេហើយ ហើយលោកសូមពន្យារពេល២ថ្ងៃទៀត (ទី១៨-១៩ខែកញ្ញា) លោកនឹងប្រាប់ទៅអ្នកទិញឲ្យមកប្រមូលឈើនេះចេញពីដីផ្សារចាស់នេះឲ្យអស់។ តែរហូតមកដល់ថ្ងៃទី១៩ ហើយ បែរជាឈ្មោះ ហ៊ន រី នេះ នៅតែមិនទាន់ឃើញរើឈើនេះចេញទៀត ចេះតែរកគន្លឹះគេចវេសភូតកុហកពន្យារពេលរហូត។ ធ្វើឲ្យប្រជាពលរដ្ធនិងអាជីវករជាច្រើនជួបការលំបាកគ្មានកន្លែងលក់ដូរ នាំគ្នាមកដាក់ការធុនអង្គុយលក់នៅតាមផ្លូវប៉ះពាល់ដល់អ្នកធ្វើដំណើរទៀតផង៕