header ads

Sponsor

រិទ្ធី

កាលពីវេលាម៉ោង២៖០៥នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញរបស់អង្គភាព TNM ២នាក់ តាមបណ្ដឹងរបស់ក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព ដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងករណីញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើតាមមន្រ្តីនគរបាលខេត្តពោធិ៍សាត់ ប្រាប់នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

សមត្ថកិច្ចបានឃាត់ខ្លួនអ្នកកាសែតទាំង២នាក់ ត្រង់ចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អ្នកសារព័ត៌មានទាំងពីររូបនោះគឺ ឈ្មោះ មិន ផុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមានទីលំនៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ សារៈ ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការដែលឃាត់ខ្លួន អ្នកសារព័ត៌មានទាំងពីរនាក់ ខាងលើនេះ គឺអនុវត្តឡើងតាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា និងក្រុមហ៊ុន MDS និងបទបញ្ជាលោកព្រះរាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត។

បើតាមលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងថា សមត្ថកិច្ចកំពុងរៀបចំបញ្ជូនខ្លួនអ្នកសារព័ត៌មានរបស់អង្គភាព TNM ទាំង២នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post