header ads

Sponsor

រិទ្ធី

ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នេះ​ លោកឧត្តមសេនីយ៍​ទោ​ ជួន​ ​ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ព្រះសីហនុ បានទទួលជួបគណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​ របស់ប្រទេសចិន​ ដឹក​នាំ​ដោយ​ លោក​ Hu​ Bin​chen​ អគ្គ​នាយក​រង​ នៃ​អគ្គ​នាយកដ្ឋាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ អន្តរជាតិ​ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​។

គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់ប្រទេសចិនបាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​ខេត្ត​ព្រះសីហនុ​ ព្រម​ទាំង​ចូល​ជួប​ពិភាក្សា​ការងារ​ ជាមួយ​ថ្នាក់​ដឹកនាំ​ នៃ​គណៈ​ស្នងការ​នគរបាល​ខេត្ត​។ កិច្ច​ពិភាក្សា​បាន​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ លើការងារសំខាន់​ៗ​ មួយចំនួន​ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា និងបង្កើនការយោគយល់ ផ្លាស់ប្ដូរ​ព័ត៌មាន​ រវាង​នគរបាល​ខេត្ត​ជាំង​ស៊ូ​ (ប្រទេសចិន) និង​ នគរបាលខេត្ត​ព្រះសីហនុ​។

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ បាន​សំដែង​នូវ​ការ​ស្វាគមន៍​ ​រីករាយ​ និងជម្រាបជូន​ប្រតិភូ​ អំពី​សភាពការណ៍​ទូ​ទៅមួយចំនួន​ ក្នុង​ខេត្ត​ ​ ទាំងការងារអភិវឌ្ឍ និងសន្តិសុខជាដើម។

ចំពោះបញ្ហា​ជនជាតិ​ចិន​ មក​វិនិយោគ​ប្រក​ប​របរ​រកស៊ី​ និង​ធ្វើ​ទេសចរណ៍​ នៅ​ខេត្ត​ព្រះសីហនុ​ លោក​ឧត្តម​សេនីយ៍​ទោ​ ​បានសង្កាត់ធ្ងន់​ថា​៖ ថ្នាក់​ដឹកនាំ​ នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ក៏ដូចជា​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាល​ រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ មិន​ឱ្យ​មាន​ការ​រើស​អើង ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​​ ឡើយ​ ជន​ណា​ប្រព្រឹត្ត​ខុស​ច្បាប់​ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ដូច​ៗ​គ្នា​។

ចំណែកឯ លោក Hu​ Bin​chen​ ប្រធាន​គណៈប្រតិភូ​ ​បានកោតសរសើរ​ ចំពោះ​ការ​រីក​ចម្រើន​ របស់​ខេត្ត​ព្រះសីហន និង​ កោត​សរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ក្នុង​ការ​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​កន្លង​មក​បាន​ល្អ​ប្រសើរ​។

លើសពីនេះទៅទៀត លោក​ Hu​ Binchen សូម​អញ្ជើញ​ថ្នាក់​ដឹកនា​នគរបាល​ខេត្ត​ព្រះសីហនុ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ ប្រទេស​ចិន​ នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ​ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និង​ បង្កើនការយោគយល់ ផ្លាស់ប្ដូរ​​ចែក​រំលែក​បទ​ពិសោធន៍​ទៅវិញទៅមកផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post