
ភ្នំពេញៈ សមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជាមួយចំនួន ដែលជាប់ឆ្នោតមានតួនាទីក្នុងជួររដ្ឋាភិបាល នឹងប្រកាសលាលែងពីតំណែង ក្រោយប្រកាសសុពលភាពរួចរាល់។ នេះបើអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ការអះអាងនេះ បន្ទាប់ពីរដ្ឋសភា នឹងបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាសម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជ ណាចក្រកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងកាលពីល្ងាចថ្ងៃទី៣ សីហាថា «យើងមិនទាន់ដឹងទេពេលនេះ។ សមាសភាព នឹងដឹងប្រហែលជា ល្ងាចថ្ងៃទី៥ ឬព្រឹកថ្ងៃទី៦ កញ្ញា។ យើងមិនអាចទម្លាយបានព្រោះយើងមិនទាន់ដឹងទេ»។
លោកក៏បានឲ្យដឹងថា សមាជិកសភា ដែលមានវ័យចាស់មិនផ្លាស់ប្តូរទេ ប៉ុន្តែលើកលែងមាន សមាជិកសភាមួយចំនួន ដែលកំពុងបម្រើការងារនៅក្នុងជួយរដ្ឋាភិបាលបានលុបចេញ នឹងបានលាលែងពីតួនាទី ហើយអ្នកដែលឡើងតាមលំដាប់លេខរៀង ត្រូវជំនួសជាបន្តបន្ទាប់។
អ្នកនាំពាក្យបញ្ជាក់ថា « លើកលែងតែមានឯកឧត្តមមួយចំនួន ដែលជាសមាជិករាជរដ្ឋាភិបាល ហើយគាត់លាលែងពីតំណែង ទើបអ្នកដែលមានលេខរៀងបន្ទាប់ ត្រូវទទួលតំណែងបន្ត»។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានឲ្យដឹងថា រដ្ឋមន្ត្រីដែលជាប់ជាសមាជិករដ្ឋសភាអាចនឹងលាលែងពីតំណែងជាសមាជិកសភាទៅធ្វើជាសមាជិករាជរដ្ឋាភិបាលវិញ ក្រោយ ប្រកាសសុពលភាពរួច។
លោកបន្ថែមថា តាមផ្លូវច្បាប់ត្រូវតែធ្វើបែបនេះ ដើម្បីឲ្យបេក្ខជន ដែលមានលេខរៀងបន្តក្នុង បញ្ជីឈ្មោះ ដែលបានដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាប់ជាស្វ័យប្រវត្តិ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីរដ្ឋមន្ត្រីនៅតាមស្ទើរគ្រប់ក្រសួងបានជាប់ជាបេក្ខជនអ្នកតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ រដ្ឋសភាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ៕