
ប៉ៃលិនៈ នាព្រឹកព្រលឹមថ្ងៃទី៤ ខែកញ្ញានេះ មានហេតុការណ៍ដ៏រន្ធត់ ដោយសារដាច់ខ្សែរ៉តសំណង់ដ៏ស្កឹមស្កៃ នៃអគារកាស៊ីណូ Diamond Crown នៅខេត្តប៉ៃលិន បានឆក់យកជីវិតកម្មករ៣នាក់ភ្លាមៗ និងម្នាក់ បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ខណៈជនរងគ្រោះម្នាក់ទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយមិនទាន់ដឹងលទ្ធផលនៅឡើយ។ នគរបាលបញ្ជាក់ថា សំណង់អគារនេះ ត្រូវបានបិទដំណើរការសាងសង់បណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត។
ហេតុការណ៍គ្រោះថ្នាក់ការងារដ៏រន្ធត់ខាងលើនេះ បានកើតឡើងនាវេលាម៉ោង៧៖១៥នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចសំណង់អគារកាស៊ីណូ Diamond Crown ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រិន្ទបាលទោ វ៉ន ដារ៉ា ប្រាប់អង្គភាពសារព័ត៌មាន Cam Post មុននេះបន្តិចថា រហូតមកទល់នឹងវេលាម៉ោងជាង១០កន្លះព្រឹកនេះ សមត្ថកិច្ចបានផ្អាកដំណើរការសាងសង់អគារកាស៊ីណូនេះជាបណ្ដោះអាសន្នសិន ដោយទុកលទ្ធភាពឲ្យសមត្ថកិច្ចជំនាញ ធ្វើការស៊ើបអង្កេត។ យ៉ាងណា លោក ដារ៉ា បញ្ជាក់ព័ត៌មានបឋមថា មូលហេតុដែលបណ្ដាលឲ្យដាច់ខ្សែរ៉តនេះ ដោយសារជាងមានការធ្វេសប្រហែស និងផ្ទុកលើសទម្ងន់ផងដែរ។
បើតាមមន្ត្រីនគរបាលរូបនេះ ជនរងគ្រោះចំនួន៣នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយហេតុការណ៍ដាច់ខ្សែរ៉តធ្លាក់ពីលើសំណង់អគារដ៏ស្កឹមស្កៃរបស់កាស៊ីណូ Diamond Crown ហើយជនរងគ្រោះពីរនាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ដឹកបញ្ជូនទៅសង្គ្រោះផងដែរ ប៉ុន្តែជាអកុសលជនរងគ្រោះម្នាក់ បានដាច់ខ្យល់ស្លាប់ពេលទៅមន្ទីរពេទ្យ។ ដោយឡែក ជនរងគ្រោះម្នាក់ទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយមិនទាន់ដឹងថាយ៉ាងណានោះទេ។

ជនរងគ្រោះទាំង៥នាក់ រួមមាន ទី១.ឈ្មោះ ផោន កក ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្តុកស្តម ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពងធំ ស្លាប់នៅកន្លែងកើតហេតុ, ទី២.ឈ្មោះ ពឿ សារី ហៅ បូរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជីវភាព ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពងធំ ស្លាប់នៅកន្លែងកើតហេតុ, ទី៣.ឈ្មោះ ប្រាក់ ឃឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ, ទី៤.ឈ្មោះ លីម វែង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្តកំពងធំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងទី៥.ឈ្មោះ តន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង់ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីមន្ត្រីជំនាញធ្វើកោសល្យវិច្ចយរួចរាល់។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល និងសង្គ្រោះបន្ទាន់ផងដែរ៕




