ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿង ជ្រុលទៅបុករថយន្តពីរគ្រឿងពីក្រោយបន្តគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយមិនទទួលកំហុសទេ បែរជាចង់មករករឿងម្ចាស់រថយន្តរងគ្រោះ និងសមត្ថកិច្ចទៀត រហូតទាល់តែសមត្ថកិច្ចសម្រេចចិត្ត ចាប់វាយខ្នោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាក Rav4 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 20-0349 បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលបុករថយន្តមួយគ្រឿងម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-9223 កំពុងបើកបរនៅខាងមុខស្របទិសដៅគ្នាពីក្រោយ បណ្តាលឲ្យរថយន្ត Mazda ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Fortuner ពាក់ស្លាកលេខភ្នំពេញ 2AC-9762 បើកបរនៅខាងមុខ បណ្តាលឲ្យកំពិតផ្នែកខាងក្រោយតិចតួច ចំណែករថយន្ត Mazda ខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំ។
ភ្លាមៗនោះម្ចាស់រថយន្តបង្កមិនព្រមទទួលកំហុសនោះទេ ថែមទាំងស្រែកឡូឡាផ្អើលអស់ប្រជាពលធ្វើដំណើរនៅដងផ្លូវ ថែមទាំងរករឿងម្ចាស់រថយន្តរងគ្រោះ ខណៈនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញផ្នែកចរាចរណ៍ខណ្ឌ ចុះមកដល់និងសម្របសម្រួល និងឃាត់តែម្ចាស់រថយន្តបង្កនៅតែមិនស្តាប់សមត្ថកិច្ចនោះទេ ថែមទាំងរករឿងទៀតផង ទើបសត្ថកិច្ចសម្រេចចិត្តចាប់វាយខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទើបស្ងប់ចិត្ត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកាវាស់វែង រួចយករថយន្តទាំង៣គ្រឿង រួមទាំងម្ចាស់រថយន្តបង្កដែលស្រវឹងស្រាទទឹងទិសនោះ ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕