រិទ្ធី

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ រដ្ឋសភានីតិកាលទី៦ បានធ្វើការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទំាងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលនៅដើមនីតិកាលទី៦ ដោយវិធីលើកដៃ និងដោយសំឡេង១២៥លើ១២៥ នៃសមាជិករដ្ឋសភាទំាងមូល។ ជាលទ្ធផល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភានីតិកាលទី៦ ចំណែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ឯកឧត្តម ហ៊ុន ម៉ានី កូនសម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តធ្វើជា ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។

ក្រោយពីទទួលបានតំណែងជាសមាជិកសភា និងជាប្រធានគណៈកម្មការទី៧ ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវសេចក្តីរីករាយថា វាគឺជាការភ្ញាក់ផ្អើល និងកិត្តិយសដ៏ធំធេង ដែលរូបខ្ញុំបាទត្រូវបានផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធាន         គណៈកម្មាធិការទី៧ នៃរដ្ឋសភា តាមរយៈការប្រកាសជាផ្លូវការ និងការអនុម័តដោយសម័យប្រជុំពេញអង្គនៃរដ្ឋសភានីតិកាលទី៦ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨ នេះ។ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ចំពោះ ទំនុកចិត្ត និងការជឿជាក់លើរូបខ្ញុំបាទ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀតថា៖ សំខាន់បំផុត គឺតួនាទីនេះ គឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ដែលទាមទារនូវការបំពេញភារកិច្ចជាច្រើនថែមទៀត សម្រាប់ការបន្តដំណើរចម្រើនទៅមុខ។ ទោះយ៉ាងណាខ្ញុំបាទប្តេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការបំពេញភារកិច្ចទាំងអស់នេះ ក្នុងផលប្រយោជន៍បម្រើសង្គមជាតិយើង។

សូមបញ្ជាក់ថា រដ្ឋសភា បានបោះឆ្នោតគាំទ្រ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា។

សម្រាប់គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភារួមមាន៖

១៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។

២៖ លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា។

៣៖ លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។

៤៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។

៥៖ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។

៦៖ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា។

៧៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។​

៨៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។

៩៖ លោកស្រី ​ងិន សុផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។

១០៖ លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor