Sponsor
រិទ្ធី

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ និងគណៈប្រតិភូ នៃប្រទេសជាមិត្តនានារបស់វៀតណាម ចំនួន១១ ប្រទេសផ្សេងទៀត រួមមានប្រទេសឡាវ សឹង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បានអញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្តសព ឯកឧត្តមប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី២១កញ្ញាកន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺដ៏ធ្ងន់ធ្ងរ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេច។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេចតេជោ បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់រដ្ឋវៀតណាម ដែលមានខ្លឹមសារជាអាទិ៍ថា៖ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១កញ្ញាកន្លងទៅ។

ខ្លឹមសារនៃក្រាំងមាសបន្តថា៖ មរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ជិតស្និទ្ធជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណងទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀត របស់ប្រជាជាតិវៀតណាម។

ឥស្សរៈជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមានសម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្កីក្រសួងមហាផ្ទៃ លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា៖ ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោក៏បានផ្ញើសារនូវលិខិតចូលរួមមរណទុក្ខជូន ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ុនហ្វួក ចំពោះការបាត់បង់ ឯកឧត្តមប្រធានរដ្ឋវៀតណាមដែលនេះគឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងក៏ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។

សពរបស់អតីតប្រធានធិបតីវៀតណាម បានប្រារព្វពិធីតម្កល់ជាផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ កញ្ញា នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូបរទេសនានា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព។

បន្ទាប់ពី​ពិធីគោរពវិញ្ញាណក្ខន្ធ សម្ដេចតេជោ​ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម​ និងក្រុមគ្រួសារ​ ព្រមទាំងសរសេរនៅលើ​ក្រាំងចូលរួមរំលែកទុក្ខ ហើយនៅរសៀលថ្ងែនេះ​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក៏នឹងទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្ដម​ លី​ ណាក់យៀន​ (​Lee Nak-yeon)​ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ​ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី​ នៃសាធារណរដ្ឋកូរ៉េ​។ យោងតាមការផ្សព្វផ្សាយតាមហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor