header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ កាលពីថ្ងៃទី៣ ខែកញ្ញាមុននេះ គេឃើញម្ចាស់ផលិតកម្ម Galaxy ដែលបានវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេង ក្រោយជោគជ័យក្នុងជំនួញដីធ្លី លោក ឡេង ណាវ៉ាត្រា ចុះមើលការសង់ផ្លូវដោយផ្ទាល់តែម្ដង នៅក្នុងសង្កាត់ចោមចៅ ដោយលោកប្រកាសថា ការសាងសង់ផ្លូវមួយខ្សែនេះ គឺចំណាយអស់ប្រមាណជា១០ម៉ឺនដុល្លារ ជាថវិកាទាំងស្រុងរបស់លោក ដើម្បីជាកាដូរជូនដល់ពលរដ្ឋ ក្នុងន័យអបអរដល់កំណើតរបស់កូនប្រុសលោក។ នេះជាការសកម្មភាពជួយដល់សង្គមមួយថ្មីបន្ទាប់ពីលោកបានក្លាយជាអ្នកមានបាន បន្ទាប់ពីលោកត្រូវគេស្គាល់យ៉ាងខ្លាំងក្នុងសកម្មភាពបរិច្ចាគទានដល់ជនទុរគត និងបានជួយថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ច្រើនលើករួចមកហើយ។

ប្រភពដែលបានចែកចាយព័ត៌មាន ចុះសាងសង់ផ្លូវរបស់លោក បានធ្វើការបង្ហោះថា គឺជារឿងប្រពៃណាស់ ដែលអតីតារាចម្រៀងហើយបានក្លាយជាបុគ្គលជោគជ័យក្នុងសង្គមមួយនេះ បានចំណាយលុយផ្ទាល់ខ្លួន និងបានទាំងចុះទៅមើលការចាក់បេតុងដោយផ្ទាល់ទៀត ដើម្បីឲ្យផ្លូវមួយខ្សែដែលលោកប្រកាសថា ចំណាយលុយធ្វើក្នុងន័យជាកាដូរជូនដល់កូនប្រុស ត្រូវបានសាងសង់។

លោក ឡេង ណាវ៉ាត្រា បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តចំណាយថវិកាដ៏ច្រើន សង់ផ្លូវមួយខ្សែជូនដល់អ្នកភូមិ ក្នុងសង្កាត់ចោមចៅ គឺដោយសារតែលោកមានបំណងអបអរដល់កំណើតកូនប្រុស និងដោយសារតែលោក ក៏ទទួលបានសំណូមពរពីសំណាក់អ្នករស់នៅក្នុងនៅតាមបណ្ដោយផ្លូវនោះ ថ្ងូរថា ពិបាកធ្វើដំណើរជាពិសេសនៅពេលធ្លាក់ដក់ទឹកម្ដងៗ។

លោកថា ខ្លួនមិនមានអ្វីចងដៃដល់កូនប្រុសឲ្យច្រើននោះទេ ទើបសម្រេចចិត្តធ្វើសេចក្ដីល្អមួយ ដោយការចំណាយលុយសង់ផ្លូវទុកជូនអ្នកភូមិបានធ្វើដំណើរ ដើម្បីសន្សំកុសលចងដៃដល់កូនប្រុស ដែលជាដំណក់ឈាមរបស់ខ្លួន។ លោកថា ខ្លួននឹងរក្សាទុកនូវសេចក្ដីល្អក្នុងពេលមានបាន ដោយរំពឹងតែម្យ៉ាងថា អំពើល្អទាំងនោះ នឹងជួយឲ្យលោកកាន់តែជោគជ័យក្នុងអាជីព និងជួយធ្វើឲ្យកូនប្រុសរបស់លោកក្លាយជាក្មេងមានសំណាង និងអាចជំនួសដៃជើងលោកបាននៅពេលដឹងក្ដី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post