ប្រធានាធិបតីវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួលមរណភាព នៅអាយុ ៦១ឆ្នាំ កាលពីម្សិលមិញ ដោយរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរ ជាច្រើនខែ និងទទួលបានការព្យាបាលទាំងពេទ្យនៅវៀតណាម និងបរទេស។
ភ្លាមៗក្រោយពីទទួលព័ត៌មាននៃមរណភាពប្រធានាធិបតីវៀតណាមរូបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា បានចាត់ទុកមរណភាពប្រធានាធិបតីវៀតណាម ជាការបាត់បង់មិត្តដ៏ល្អរបសស់កម្ពុជា។
តាមរយៈលិខិតរំលែកទុក្ខរបស់រដ្ឋសភាកម្ពុជាដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានសេចក្តីថា មរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាងគឺជាការបាត់បង់ដ៏ធំធេង នៃថា្នក់ដឹកនាំដ៏ល្អ និងគួរឱ្យគោរពកោតសរសើររបស់ប្រទេសនិងប្រជាជនវៀតណាម និងការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិស និងការបួងសួងរបស់ខ្ញុំ (សម្តេចអគ្គមហាពញាចក្រី ហេង សំរិន) ស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនវៀតណាមជានិច្ច។
ក្នុងលិខិតរំលែកទុក្ខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន តំណាងឱ្យសភាជាតិកម្ពុជាសូមសម្តែងនូវសមាណចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុងជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាចំពោះក្រុមគ្រួសារសព នូវការបាត់បង់ឯកឧត្តមប្រធានរដ្ឋ ជាទីគោរពស្រលាញ់នេះ។