តាកែវៈ ក្រោយទទួលបានព័ត៌មានថា មានការផលិតស្ករត្នោតក្លែងក្លាយ ដែលកែច្នៃចេញពីស្ករស នៅស្រុកបាទី ខេត្តតាកែវ កកើតឡើងវិញ ដោយមិនខ្លាចញញឺតច្បាប់ និងការអប់រំណែនាំអស់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរនោះ កម្លាំងសមត្ថកិច្ចជំនាញ សាខាកាំកុងត្រូលខេត្តតាកែវ បានដាក់កម្លាំងសម្ងាត់ឃ្លាំមើលទីតាំងជាច្រើន ដែលធ្លាប់ផលិតស្ករត្នោតក្លែងក្លាយ នៅក្នុងស្រុកបាទី ដោយនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ រួមជាមួយនិងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ទីរឧស្សហ៍កម្ម និងសិប្បកម្មខេត្ត រួមជាមួយនិងអាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លាយចំនួន២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
បើតាមការឲ្យដឹងពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បាននិយាយថា ការចុះឆ្មក់បង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាការអនុវត្តធម៌ក្តៅលើម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះ ដែលពួកគាត់នៅតែបន្តលួចផលិតនៅប្រភេទស្ករត្នោតក្លែងក្លាយនេះ បើទោះបីជាពួកគាត់ធ្លាប់ ត្រូវបានអាជ្ញាធរខេត្ត និងក្រុមមន្ត្រីជំនាញ ចុះមកធ្វើការអប់រំណែនាំអស់ជាច្រើនលើកច្រើនសារមកហើយក្តី តែម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះនៅតែមិនខ្លាចញញឺតនឹងច្បាប់ ។

លោកប្រធានសាខាកាំកុងត្រូលខេត្ត បានបន្តថា ក្រោយការចុះឆ្មក់បង្ក្រាបទីតាំងផលិតស្ករក្លែងក្លាយខាងលើនេះរួច រូបលោកនឹងដាក់ពាក្យបណ្តឹង ប្ដឹងលើម្ចាស់ទីតាំងខាងលើទៅតុលាការ ដើម្បីឲ្យតុលាការចាត់ការ ម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនោះទៅតាមនីតិវិធី។
លោក ភួង ឈីម អភិបាលស្រុកបាទី បានឲ្យដឹងថា នៅក្នុងស្រុកបាទីនេះ គឺមានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន៤៣ទីតាំង នៅឃុំចំនួន៣ ហើយម្ចាស់ទីតាំងទាំង៤៣នោះ គឺធ្លាប់បានធ្វើកិច្ចសន្យា បញ្ឈប់ការផលិតរួចមកហើយ និងទទួលបានការអប់រំណែនាំពីមន្ត្រីជំនាញ អាជ្ញាធរស្រុក ជាច្រើនលើកច្រើនសារមកហើយដែរ ក៏ប៉ុន្តែមានតែម្ចាស់ទីតាំងមួយចំនួនតូចតែប៉ុណ្ណោះ ដែលស្តាប់ និងអនុវត្តតាម។ ដោយឡែកមកទល់ពេលនេះ គឺយើងទទួលបានដំណឹងថា មានទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន ២៥ទីតាំង បានកើតឡើងវិញ និងលួចធ្វើសកម្មភាពឆក់កន្តៀត ផលិតស្ករត្នោតកែច្នៃចេញពីស្ករសនេះ ទើបយើងប្រើវិធីសាស្ត្រឆ្មក់បង្ក្រាបទីតាំងខាងលើនេះតែម្តង។



សូមបញ្ជាក់ផងដែរថា ក្នុងការឆ្មក់បង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុដកហូតនៅវត្ថុតាងជាច្រើន ដែលបង្កជាការផលិតឲ្យស្ករត្នោតក្លែងក្លាយនេះ រួមជាមួយនិងស្ករត្នោតក្លែងក្លាយ ដែលផលិតរួចនៅមិនទាន់ដឹកចេញចំនួន ៨ធុង ដោយក្នុងមួយធុងមានទម្ងន់ជាង ១០០គីឡូក្រាម។ ហើយវត្ថុតាងខាងលើ ត្រូវបានដឹកយកមករក្សាទុកនៅសាលាស្រុកបាទី ដើម្បីរង់ចាំការអនុវត្តច្បាប់បន្ត៕