
កំពង់ចាមៈ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨ដល់១០ព្រឹក លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានចាត់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន៥នាក់ ចូលរួមសហការ ដោយមានការដឹកនាំពី លោកមេឃុំល្វា បើកប្រតិបត្តិការ ចុះបង្រ្កាប បទល្មើសនេសាទខុសច្បាប់ នៅចំណុចត្រពាំងអណ្តូង ស្ថិត ក្នុងទឹកដីភូមិត្រពាំងជីនាង និង ចំណុចទំនប់ចោមខ្លាស្ថិត ក្នុងទឹកដីភូមិតាចាក់ ឃុំល្វា ស្រុកព្រៃឈរ។


ជាលទ្ធផល ក្រុមការងារបង្ក្រាបបានរួមមាន ៖ ១. លូសៃធ្វើអំពីស្បៃមុងចំនួន៧មាត់ ព្រួលធ្វើអំពីស្បៃមុងប្រវែង១៥០ម៉ែត្រ ៣. បង្គោលចម្រឹងចំនួន៥៧ ដើម ៤.បានចាក់លែងកូនត្រីចម្រុះប្រមាណ១៥ គីឡូក្រាមចូលបឹងធម្មជាតិវិញ ។


ដោយទទួលបានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧបករណ៍នេសាទខុសច្បាប់ខាងលើ ត្រូវបានក្រុមការងារ កាប់បំផ្លាញ និងដុតបំផ្លាញចោល នៅកន្លែងតែម្ដង៕

