ភ្នំពេញៈ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនសិស្សវិទ្យាល័យឥន្ទ្រទេវីម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុចមុខផ្សារTK ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់កាបូបស្ពាយ ម៉ាកMK ពណ៌ស សរុប លុយ និងគ្រឿងអលង្ការ ជិត១ម៉ឺនដុល្លារ កាលពីម៉ោង៤រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ ១៤ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស្រេង ហេងពី ហៅ ពី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ជាសិស្សវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហើយសមត្ថកិច្ចដកហូតមធ្យោបាយធ្វើសកម្មភាពម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HA-១៩៣៩ និងមួកសុវត្ថិភាព ពណ៌ខ្មៅ ម៉ាក C&N។
ចំណែកជនរងគ្រោះឈ្មោះ ចាង គឹមណៃ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងសំអាង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ភស្តុតាងជារបស់ជនរងគ្រោះ ដែលចាប់យកបានរួមមាន ៖ -ទូរសព្ទ័ដៃម៉ាក NOKIA១គ្រឿង និងខ្សែកាសទូរស័ព្ទ១ -បន្តោងរូបព្រះ រាងស្លឹកពោធិ ធ្វើពីលោហធាតុ ពណ៌លឿងស្លេក១ -កូនកាបូបដៃតូចមានរូបកូនដំរី ពណ៌ឈាមជ្រូក១ -ប្រាក់ដុល្លារ ចំនួន៣,០០០ដុល្លារអាមេរិក -ខ្សែកធ្វើពីលោហធាតុ ពណ៌លឿងស្លេក មួយខ្សែមានបន្តោង២ គឺ ១បន្តោងតូចរាងបេះដូងធ្វើពីលោហធាតុ ពណ៌លឿងស្លេក និង ២បន្តោងដាំត្បូង ពណ៌សធំចំកណ្តាល និងមានត្បូងតូចៗជុំវិញចំនួន ១២គ្រាប់ -ចិញ្ជៀនផ្លាកទីន មានដាំត្បូងពណ៌ស ចំនួន៣គ្រាប់ -ខ្សែដៃធ្វើពីលោហធាតុ ពណ៌ ស មានដាំត្បូង ពណ៌ស ចំនួន ៣១គ្រាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕