(ស្វាយរៀង)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅការិយាល័យឯកឧត្ដមអភិបាល ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមវិធានការ និងមធ្យោបាយឆ្លើយតបទៅនឹងស្ថានភាពទឹកជំនន់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅក្នុងក្រុងស្វាយរៀង ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាក្រុងស្វាយរៀង និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួនដល់គ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តតាមដានស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោ និងរាយការណ៍មករដ្ឋបាលខេត្តឲ្យបានជាប់ជាប្រចាំ ត្រៀមមធ្យោបាយ សម្ភារ បរិក្ខារ ដើម្បីប្រើប្រាស់សម្រាប់ទប់ទឹកក្នុងករណីកម្ពស់ទឹកហក់ឡើងខ្លាំង ដែលបណ្ដាលឲ្យមានការជន់លិច អាជ្ញាធរក្រុងត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធត្រៀមទីតាំងជាមុនឲ្យបានស្រេចបាច់ទុកសម្រាប់ជាកន្លែងស្នាក់នៅជាបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋដែលត្រូវជម្លៀស នៅពេលលំនៅស្ថានរបស់ពួកគាត់អាចនឹងមានការជន់លិចនៅពេលខាងមុខ ព្រមទាំងត្រូវត្រៀមនូវវិធានការចាំបាច់ផ្សេងៗទៀតតាមការជាក់ស្ដែង ៕
ដោយ៖ភក្ដី