ភ្នំពេញ ៖ បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យសារព័ត៌មានដឹង នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ តាមរយៈ លទ្ធផលនៃកិច្ចប្រជុំសម្ងាត់នៅក្រសួងមហាផ្ទៃ ទាក់ទងនឹងជនជាតិចិន ថាវត្តមានរបស់ជនជាតិចិន ដែលកំពុងរស់នៅ និងកំពុងកើនឡើងកាន់តែច្រើន នៅខេត្តព្រះសីហនុនេះ ជាលទ្ធផលគឺបានរកឃើញថា ផ្តល់ភាពវិជ្ជមានល្អច្រើនជាងអវិជ្ជមាន គឺវិជ្ជមាន ចន្លោះពី ៨០ ទៅ ៩០ ភាគរយ ខណៈអវិជ្ជមានវិញ គឺមានតែ ១៥ ទៅ ២០ ភាគរយប៉ុណ្ណោះ។
តាមរយៈកិច្ចប្រជុំខាងលើ លោក ខៀវ សុភ័គ បានបញ្ជាក់ថា “ក្នុងអង្គប្រជុំ ទទួលស្គាល់ថាការវិនិយោគរបស់ចិន មានទាំងផលល្អផង និងផលអាក្រក់ផង ប៉ុន្តែផលល្អ មានប្រមាណពី ៨០ ទៅ ៩០ ភាគរយ ឯផលអាក្រក់គឺមានតែ ១៥ ទៅ ២០ ភាគរយប៉ុណ្ណោះ ដោយតាមរយៈការវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននេះ នាំមកនូវការរីកចម្រើនដល់សេដ្ឋកិច្ចកម្ពុជា ។ ហើយនិងជួយ ដល់បង្កើននូវការងារដល់ប្រជាពលរដ្ឋខ្មែរយើង ដោយទទួលបានប្រាក់ខែខ្ពស់ ហើយដែលធ្វើឲ្យប្រជាជន សប្បាយចិត្ត ឬឯកសិផល ក៏មានទីផ្សារល្អផងដែរ។
លោកបានបន្ថែមថា តាមរយៈការប្រមូលពន្ធលើអាជីវកម្ម ធ្វើឲ្យមានការកើនឡើងនូវប្រាក់ចំណូលរបស់រដ្ឋ ហើយការវិនិយោគទាំងនេះ ខាងសំណង់អគាររបស់ចិន មិនត្រឹមតែពង្រីកដល់ជាយក្រុងនោះទេ តែថែមទាំងទៅដល់កោះទៀតផង ជាហេតុធ្វើឲ្យអចលនទ្រព្យដីធ្លី មានតម្លៃកើនឡើង និងជាពិសេស ធ្វើឲ្យមានការកើនឡើងនូវសំណង់អាគារខ្ពស់ៗ នៅទីក្រុងព្រះសីហនុ ដែលជាហេតុធ្វើឲ្យកម្មករសំណង់របស់យើង សម្បូរការងារធ្វើ និងបានប្រាក់កម្រៃខ្ពស់។
ទាក់ទងនឹងផ្នែកអវិជ្ជមានវិញ សម្តេចក្រឡាហោម ស ខេង បានឲ្យក្រសួងទាំងអស់ ដែលចូលរួមប្រជុំ ដើម្បីទទួលយកនូវការងាររបស់ខ្លួន គឺត្រូវចុះពិនិត្យមើល តាមតួនាទីភារកិច្ច ដែលច្បាប់បានកំណត់ថា ក្រសួងណា ធ្វើអី យើងធ្វើកិច្ចការងារនេះ ឲ្យត្រូវតាមច្បាប់ ដើម្បីធានាឲ្យបានការពារឲ្យបានកុំឲ្យមានបញ្ហាបរិស្ថាន និងសន្តិសុខសង្គម។