header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចដោះលែងឲ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារបញ្ហាសុខភាព ប៉ុន្តែលោក មិនអាចរត់រួច​ពីនីតិវិធីតុលាការបានឡើយ។ នេះបើតាម​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមលិខិតប្រកាសជូនសាធារណជនរបស់អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បាន​ឲ្យដឹង​ថា “លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សម្រេច​ដោះលែងឱ្យនៅក្រៅឃុំ ហើយសម្រេចជំនួសមកវិញនូវវិធានការនៃការដាក់ឲ្យ​ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។ ការសម្រេចនេះ ដោយផ្អែកទៅលើហេតុផលសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់​លាស់​ថា ជនត្រូវចោទ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ”

បើតាមដីកាបញ្ជាឲ្យដោះលែងរបស់ចៅក្រមតុលាការក្រុងភ្នំពេញ លោក គី ឬទ្ធី ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលអង្គភាពសារព័ត៌មាន Cam Post ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ឲ្យដឹងថា បង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី៣ «ម៣» ដោះលែងជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ​៦៤ឆ្នាំ ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទសន្ទិ​ដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា

សូមជម្រាបថា រហូតមកដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររយៈពេល១ឆ្នាំ១សប្ដាហ៍គត់ ពាក់ព័ន្ធបទក្បត់ជាតិ លួចទាក់ទងជាសម្ងាត់ជាមួយអាមេរិក ដើម្បីផ្តួលរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

លោក កឹម សុខា អាយុ៦៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីលំនៅដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម ភ្លាមៗ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមក្រមព្រហ្មទណ្ឌ បទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ។

ទោះបីជាមានការស្នើសុំនៅក្រៅឃុំជាច្រើនលើកច្រើនសារ តែទីបំផុតតុលាការកម្ពុជាគ្រប់ជាន់ថ្នាក់ បានបដិសេធសំណើនេះជាបន្តបន្ទាប់ ដោយអះអាងថា ការអនុញ្ញាតឲ្យលោក កឹម សុខា នៅក្រៅឃុំ គឺអាចប៉ះពាល់នីតិវិធី ទន្ទឹមមេធាវីមិនយល់បែបនេះក៏ដោយ។

ព្រឹត្តិការណ៍ចុងក្រោយ ដែលអ្នកនយោបាយ និងបុគ្គលសំខាន់ៗមួយចំនួន ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ដែលអ្នកខ្លះត្រូវបានដោះលែងតាមសំណើរបស់នាយករដ្ឋមន្ត្រីនោះក្ដី មជ្ឈដ្ឋានជាច្រើនយល់ថា លោក កឹម សុខា អាចនឹងត្រូវដោះលែងដែរ។ ប៉ុន្តែទីបំផុត លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល ដោយមិនអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្នទេ។

បន្ទាប់មក ចៅក្រមស៊ើបសួរបានចេញដីកាកោះហៅសាក្សីសំខាន់ម្នាក់ទៀត គឺលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យចូលតុលាការ ដើម្បីឆ្លើយបំភ្លឺជាសាក្សីនៅក្នុងរឿងក្ដី។

ជាការកត់សម្គាល់ មុនការដោះលែងលោក កឹម សុខា ដែលអ្នកនយោបាយ និងបុគ្គលសំខាន់ៗមួយចំនួន ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញដែរនោះ អ្នកវិភាគមួយចំនួនយល់ថា ការដោះលែងនេះ គឺដើម្បីសម្រាលស្ថានការណ៍នយោបាយនៅក្នុងប្រទេស ក្រោយការបោះឆ្នោតជាតិ អាណត្តិទី៦៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post