
កាលពីយប់ថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញការចោទថាបានប្រព្រឹត្ត «អំពើក្បត់ជាតិ»។ គិតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺរយៈពេល១ឆ្នាំនៃការឃុំខ្លួនលោក កឹម សុខ ប្រធានអតីតគណបក្សប្រឆាំង។
៣៦៥ថ្ងៃដ៏អយុត្តិធម៌! យប់នេះគឺគម្រប់១ឆ្នាំនៃការចូលចាប់លោកកឹម សុខា ពីគេហដ្ឋាន ពង្រាត់រូបលោកពីគ្រួសារទាំងកណ្តាលអធ្រាតយ៉ាងឃោរឃៅ។ នេះបើយោងតាមការចុះផ្សាយនៅក្នុងហ្វេសប៊ុករបស់លោក កឹម សុខា។

លោក មុត ចាន់ថា ជំនួយការផ្ទាល់របស់លោក កឹម សុខា បានសរសេរក្នុងហ្វេសប៊ុកថា៖ ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានបង្ខាំងនៅក្នុងមជ្ឈមណ្ឌលអប់រំទី៣ (ម៣) ឬ ពន្ធនាគារត្រពាំងផ្លុង នៅជិតព្រំដែនយួន ស្ថិតក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ អស់រយៈពេល ០១ឆ្នាំគត់ គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នេះ។
លោក មុត ចាន់ថា បន្ថែមទៀតថា៖ ឯកឧត្តម កឹម សុខា តស៊ូអត់ធ្មត់បន្តរួមរស់ជាមួយប្រជាពលរដ្ឋខ្មែរ ទោះបីត្រូវបាត់បង់នូវសេរីភាព និងរងទុក្ខលំបាកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ លោកមិនបានជ្រើសរើសយកជម្រើសចាកចោលមាតុប្រទេស ព្រោះថាទីតាំងមូលដ្ឋាននយោបាយរបស់លោកនៅក្នុងប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់លោកនៅលើមាតុកម្ពុជា។
លោក មុត ចាន់ថា បន្តទៀតថា៖ ឯកឧត្តម កឹម សុខា តែងតែប្រកាន់នូវគោលការណ៍អហិង្សាយ៉ាងខ្ជាប់ខ្ជួន ដោយចៀសវាងយ៉ាងដាច់ខាតនូវការប្រើប្រាស់ភាសាអសុរោះដែលអាចបង្កអោយមានការឈឺចាប់ដល់អ្នកដទៃ និងរើសអើងជាតិសាសន៍ ព្រោះថាកត្តាជោគជ័យដែលអាចនាំមកនូវការផ្លាស់ជាវិជ្ជមានទៅបាន មិនស្ថិតនៅលើកត្តាហិង្សា និងការប្រើប្រាស់ភាសាអសុរោះឡើយ។ ឯកឧត្តម កឹម សុខា យល់យ៉ាងច្បាស់ថា មានតែការផ្សះផ្សរជាតិប៉ុណ្ណោះ ទើបជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់ការបែកបាក់ និងការើសអើង ហើយដែលកន្លងមកខ្មែរយើងបានធ្វើច្រើនលើកច្រើនសាររួចមកហើយ ។

លោកសង្ឈឹមថាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាកា អាចមានស្នាមញញឹមដ៏មានន័យ នៅក្នុងប្រទេសមួយនេះ ។ ដូច្នេះ ការដោះលែង ឯកឧត្តម កឹម សុខា ឱ្យមានសេរីភាពឡើងវិញ គឺជាស្មារតីនៃការផ្សះផ្សារ និងបង្រួបបង្រួមជាតិខ្មែរ។
សូមរំលឹកថាកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង(ម៣) បន្តទៀត។ នេះជាការសម្រេចឃុំខ្លួន៦ខែ ជាលើកទី២ហើយ។