ក្រោយពីតុលាការដោះលែងឱ្យមានសេរីភាពតាមព្រះរាជក្រឹត្យលើកលែងទោសរបស់ ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ CNRP បានទៅដល់សហរដ្ឋអាមេរិកហើយ។ យោងតាមការបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកកាលពីជាង១០ម៉ោងមុននេះ។
មុននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន បានទៅជួបសួរសុខទុក្ខក្រុមការងារអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាបផងដែរ។
លោក អ៊ុំ សំអាន បានសំដែងនូវសេចក្តីរីករាយថា៖ ខ្ញុំបានជួបក្រុមគ្រួសាររបស់ខ្ញុំនៅសហរដ្ឋអាមេរិកហើយ បន្ទាប់ពីបែកគ្នាជិត២ឆ្នាំកន្លះ ដោយសារការជាប់ពន្ធនាគារជាអ្នកទោសមនសិការ។ កូនខ្ញុំធំល្មម គាត់ភាំងមួយភ្លាតហាក់ដូចជាមិនស្គាល់ឪពុក។
លោក អ៊ុំ សំអាន ក៏មានមោទនភាពចំពោះកូនប្រុសរបស់គាត់ឈ្មោះ អ៊ុំ បណ្ឌិត ភីធើ ដែលបានរៀនជាប់លេខ១ ក្នុងថ្នាក់និងជាប់លេខ១ប្រចាំសាលាបឋមសិក្សា Surprise Elementary School ក្នុងសហរដ្ឋអាមេរិក។
លោក អ៊ុំ សំអាន ធ្លាប់បានបញ្ជាក់ជំហរថា មិនបះលង់គោលបំណងរបស់ខ្លួនឡើយ ពោលគឺនៅតែបន្តធ្វើជាអ្នកនយោបាយ ហើយនៅជាមួយគណបក្សសង្គ្រោះជាតិជានិច្ច នៅពេលណាដែលគណបក្សសង្គ្រោះជាតិអាចចូលរួមក្នុងការបោះឆ្នោត ពេលនោះលោកនឹងចូលមកធ្វើនយោបាយវិញ។
សូមរំលឹកថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប កាលនោះលោកនៅជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិជាតិ កាលពីឆ្នាំ២០១៦។ លោកបានវិលត្រឡប់ពីសហរដ្ឋអាមេរិកទៅកម្ពុជាវិញទោះបីជាលោកដឹងថា រដ្ឋាភិបាលនឹងចាប់ខ្លួនលោកក៏ដោយ។