ភ្នំពេញៈ ជនសង្ស័យប្រុសស្រី២នាក់ កំពុងដេកសម្ងំជក់គ្រឿងញៀន ក្នុងបន្ទប់លេខ១០៣ ជាន់ទី១ ផ្ទះសំណាក់អូដឹម ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ចូលទៅឃាត់ខ្លួន ព្រមទាំងរកឃើញថ្នាំញៀន និងឧបករណ៍ជក់មួយចំនួន។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងបន្ទប់លេខ១០៣ ជាន់ទី១ ផ្ទះសំណាក់អូដឹម ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំលោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ និងមានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងបានឃាត់ខ្លួនមនុស្ស២នាក់ ម្នាក់ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ ។

លោកអធិការរង បានឲ្យដឹងថា ថៅកែផ្ទះសំណាក់ខាងលើនេះ ឈ្មោះ បែល វណ្ណាដា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ទីកន្លែងកំណើតនៅសង្កាត់បេងកក់១ ខណ្ឌទួលគោក។ ចំណែកជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ វិត វទ្ធី ហៅ អាចែ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេការ ផ្ទះសំណាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិសូប៉េង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាសមាស ខេត្តកំពត ។ ទី២ ឈ្មោះ ម៉ាក ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។


ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរ សមត្ថកិច្ចក៏បានហៅថៅកែផ្ទះសំណាក់សរុប៣នាក់ ទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី។ ចំណែកផ្ទះសំណាក់ខាងលើ ត្រូវបានលោកស្រីព្រះរាជអាជ្ញាបង្គាប់ឲ្យបិទទ្វារជាបណ្តោះអាសន្ន៕
