
កំពង់ស្ពឺៈ សមត្ថកិច្ចការិយាល័យទី៩ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ កញ្ញា បានចុះទៅសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀន១ករណី នៅចំណុចផ្លូវលំ ភូមិ អង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន១កញ្ចប់ ស្មើប្រមាណ ៤៩៤,៨១ ក្រាម ដែលជនសង្ស័យបានដើរលក់តាំងពីរាជធានីភ្នំពេញរហូតដល់ស្រុកស្រែ នាខេត្តកំពង់ស្ពឺ ទើបមានគេរាយការណ៍ឲ្យសមត្ថកិច្ចចុះទៅចាប់ខ្លួន។
ជនសង្ស័យឈ្មោះ ឡោ សុខហួរ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូ១គ្រឿង ម៉ាក YAMAHA R6 ដើរលក់គ្រឿងញៀនយ៉ាងបើកចំហគ្មានកោតញញើតអ្វីបន្តិចសោះ ធ្វើដូចដើរលក់ស្ករគ្រាប់ក្នុងភូមិ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់មន្ទីរគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់នាថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៨នេះ៕
