header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត Mazda ស៊េរីទំនើប​មួយគ្រឿង បើកបរដោយយុវតីរូបស្រស់ស្អាតម្នាក់ ទំនងស្រវឹងផង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកក្បាលនាគកណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹង។ ដោយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅមុខប្រហែល២០ម៉ែត្រទៀត ទើបឈប់ទៅមុខលែងរួច បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងទ្រូងផ្លូវបានខ្ទាតបាក់អស់១កង់ តែសំណាងល្អ​មិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រ​ឈានចូលថ្ងៃ​សៅរ៍​​ ទី៨ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៥៩៨ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿងម៉ាក Mazda ស៊េរីទំនើប​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AQ-7173 បើកបរដោយយុវតីរូបស្រស់ស្អាតម្នាក់ មើលទៅទំនងស្រវឹងស្រាផង បានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង​ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ​ មិនដឹងថា អ្នកបើកបររវល់ធ្វើអ្វីនោះទេ ស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មកណ្ដាលទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តដំណើរទៅមុខប្រហែល២០ម៉ែត្រទៀត ទើបឈប់ ព្រោះបើកទៅមុខលែងរួច។ ចំណែកទ្រូងផ្លូវបានខ្ទាតចេញពីផ្លូវបាក់អស់ចំនួន១កង់ តែសំណាងល្អ​មិនបណ្ដាលឲ្យនារីរូបស្រស់ខាងលើរងរបួសអ្វីឡើយ។

សាក្សីបន្ថែមទៀតថា​ ភ្លាមៗនោះ យុវតីរូបស្រស់ ដែលជាអ្នកបើករថយន្តបង្កបានប្រមូលសុម្ភារៈ និងរបស់មានតម្លៃ​ទុកក្នុងកាបូប រួចប្រញាប់ប្រញាល់ចុះពីរថយន្ត រួចហៅ​រ៉ឺម៉ក​កង់បីជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានចុះដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post