អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ព្រោះតែទឹកជំនន់បានលិចផ្លូវកំពង់ស្នេហ៍ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ទើបពលរដ្ឋចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការសាងសង់ស្ពានឈើដើម្បីចម្លងរថយន្ត និងម៉ូតូយកលុយ ។

ប៉ុន្តែអ្វី ដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺលោក ទេព ភារុណ អភិបាលស្រុកបាភ្នំ បានកំណត់ យកលុយពីក្រុមអ្នកធ្វើស្ពាន ក្នុង១ថ្ងៃ ៣៥០,០០០រៀល ស្មើនិង២០% ជាកំហិត ។

ទាំងនេះបណ្ដាលឲ្យគ្រួសារអ្នកធ្វើស្ពានរអ៊ូរទាំ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច ចេះតែឲ្យលុយមកអាជ្ញាធររាល់ល្ងាចតាមកំណត់ ។

ក្រុមអ្នកឈរចាំយកលុយពីរថយន្ត និងម៉ូតូបានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ថា ស្ពាននេះ ពួកគាត់ធ្វើដល់ទៅពីរលើក កាលលើកដំបូងយកលុយបានតែ៧ថ្ងៃ ក៏ត្រូវរើចេញ ព្រោះបាក់ស្រុត ។ ដល់លើកទី២ ធ្វើដោយដាក់សសរដែក ក្រាលឈើពីលើ ដែលចំណាយដើមទុនអស់ជាង ១០,០០០$ ឯណោះ ទើបយកលុយបានយូរថ្ងៃជាងមុន ទម្រាំទឹកស្រកផុត ។

ជាមួយគ្នានោះ សម្រាប់ម៉ូតូ១គ្រឿង មនុស្សម្នាក់ គាត់យក១៥០០រៀល ម៉ូតូ១គ្រឿង មនុស្ស២នាក់ តម្លៃ២០០០រៀល រថយន្តតូច១គ្រឿងតម្លៃ១៥,០០០រៀល ។

ចំពោះស្ដ្រីជាម្ចាស់ស្ពាន បានអះអាងថា ស្ពាននេះ ឆ្លងបានតែរថយន្តតូចទេ សម្រាប់រថយន្តដឹកទំនិញ ឬរថយន្តធំ មិនអាចឆ្លងស្ពានរួចឡើយ ។

ក្នុងមួយថ្ងៃគាត់ប្រមូលលុយពីអ្នកឆ្លងស្ពានបានចាប់ពី ១,៨០០,០០០រៀល ទៅ ២,០០០,០០០រៀល ។

មកដល់ពេលនេះ ទឹក ក៏បានស្រកជាបណ្ដើរៗហើយ ខណៈជម្រៅនៅលើផ្លូវ សល់តែត្រឹងជង្គង់ប៉ុណ្ណោះ ធ្វើឲ្យអ្នកខ្លះ លែងឆ្លងលើស្ពាន មកបើករថយន្តកាត់ទឹកវិញ ។

លោកស្រី បញ្ជាក់ថា ចាប់តាំងពីធ្វើស្ពានរួចមក លោកអភិបាលស្រុកបាភ្នំ បានកំណត់យកលុយពីពួកគាត់ស្មើ ២០ភាគរយ នៃចំនួនលុយសរុប ដែលម្រមូលបានរាល់ថ្ងៃ ។

ក្នុងនោះ ឲ្យតែល្ងាចៗ អភិបាលស្រុក បញ្ជាឲ្យកូនចៅ មកយកលុយ៣៥ម៉ឺនរៀល ពីគាត់មិនដែលខាន ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ហាក់ វង្ស មេឃុំធាយ បានថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើនអង្គភាពថា រឿងលុយនោះ លោកមិនបានពាក់ព័ន្ធ ឬដឹងទេ ប្រហែលខាងស្រុកទេ ជាអ្នកដឹងឮ? ។

រីឯលោក ទេព ភារុណ អភិបាលស្រុកបាភ្នំ មិនអាចសុំការបកស្រាយបានទេ នៅព្រឹកទី២១ ខែកញ្ញា ឆ្នាំ២០១៨ ព្រោះទូរស័ព្ទចូលហើយលោកមិនទទួល ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post