header ads

Sponsor

រិទ្ធី

ឯកឧត្តម គង់ ភោគ អតីតអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បាន​ស្បថចូល​កាន់តំណែងជាអគ្គ​លេខាធិការ​រងអាស៊ាន កាលពី​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់​ការអាស៊ានដែលមានមូលដ្ឋាន​នៅទីក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ។

សម្រាប់តំណែងជាអគ្គ​លេខាធិការ​រងអាស៊ាន នេះ ឯកឧត្តម គង់ ភោគ ទទួល​បន្ទុកសហគមន៍​សង្គម-វប្បធម៌ អាស៊ាន (ASCC) ដែលមាន​អាណត្តិ៣ឆ្នាំ ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១។

តាមប្រភពដដែលបានឱ្យដឹងថា៖ ឯកឧត្តម គង់ ភោគ នឹងជួយ​ដល់​អគ្គលេខាធិការ​អាស៊ាន ដោយ​ដឹកនាំ​ការអនុវត្ត​តាម​ផែនការមេ​នៃ​កិច្ចការ​សហគមន៍​សង្គម​-​វប្បធម៌ (ASCC) ហើយនឹង​ដឹកនាំ​នាយកដ្ឋាន​សហគម​ន៍ស​ង្គ​ម​-​វប្បធម៌នៃ​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត គង់ ភោគ ត្រូវ​ចូលកាន់​តំណែង​ជំនួស​លោក Vongthep Arthakaivalvatee។

គួររំលឹកថា ឯកឧត្តម គង់ ភោគ បានបញ្ចប់​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស ហើយ​គាត់​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ Australian National ផង​។

មុននឹង​ចូលកាន់​តំណែង​អគ្គលេខាធិការរង​អាស៊ាន​នេះ ឯកឧត្តម គង់ ភោគ ធ្លាប់​បម្រើ​ការងារ​ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​បំពេញការងារ​លើ​គោលនយោបាយ​ការបរទេស នៅក្នុង​កា​រិ​យា​ល័យរបស់នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាផងដែរ​។

ឯកឧត្តម គង់ ភោគ ក៏​ធ្លាប់ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ ដែល​បង្កើតឡើង​កាលពី​២០១៤ ជាបណ្តាញនៃអ្នកទទួលអាហារូបករណ៍កម្ពុជានិងបរទេស ដែលហៅថាក្រុមសិក្សាយុទ្ធសាស្ត្រកម្ពុជា ដែល​ផ្ដល់​ដំណោះស្រាយ​គោលនយោបាយ ដោយ​មិន​ប្រកាន់​បក្សពួក និង​ផ្អែកទៅលើ​ភស្តុតាង​។​

​ម្យ៉ាងវិញទៀត ឯកឧត្តម គង់ ភោគ បាន​សរសេរ ​និង​ផ្សព្វផ្សាយ​សៀវភៅ​ពី​គោលនយោបាយ​ការបរទេស​ គោលនយោបាយ​ការពារ​ នយោបាយ​ជាតិ និង​ពាណិជ្ជកម្ម​អន្តរជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post