header ads

Sponsor

រិទ្ធី

រាជរដ្ឋាភិបាលកម្ពុជាសម្ដែងនូវការខកចិត្តជាខ្លាំងចំពោះការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)”សម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ម្សិលមិញ។

សេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ដដែលនេះថា « គឺជាការខ្វះតម្លាភាព និងអយុត្តិធម៌បំផុត»។

សេចក្តីថ្លែងការណ៍បន្តថា រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាលដោយឈរលើមូលដ្ឋានរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដា កន្លងទៅ។

ក្រសួងការបរទេសរៀបរាប់ថា៖ ចាប់តាំងពីប្រទេសកម្ពុជា​សម្រេចបានសន្ដិភាពពេញលេញ និងការផ្សះផ្សារជាតិឡើងវិញមក កម្ពុជាបានអនុវត្តក្នុងកាលៈទេសៈដ៏លំបាកបំផុត ការស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាមូលដ្ឋាន ដែលសូម្បីតែប្រទេសអឺរ៉ុបខ្លួនឯងក៏ត្រូវចំណាយពេលខិតខំប្រឹងប្រែងអស់ជាច្រើនសតវត្សរ៍ ទម្រាំអាចសម្រេចបានផ្នែកខ្លះ។ សិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន និងការងារ គឺជាបុរេលក្ខណ្ឌសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យ។

សហភាពអឺរ៉ុបមិនត្រឹមតែបដិសេធចោលតថភាពដូចនេះទេ ប៉ុន្ដែភាពស្ងប់ស្ងៀម និងការគាំទ្រជាចំហរបស់ខ្លួនចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួន ដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអឺរ៉ុបច្បាស់ណាស់ថា បានវៀរចាកយ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ។ ដោយហេតុនេះ វាជាការច្បាស់ណាស់ថា ពិតជាមានហេតុផលខាងនយោបាយនៅពីក្រោយសេចក្ដីសម្រេចមកលើប្រទេស កម្ពុជា។

ចុងបញ្ចប់នៃសេចក្ដីថ្លែងការណ៍នេះបានបង្ហាញទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋប្រជាធិបតេយ្យមួយដោយគោរពសិទ្ធិប្រជាពលរដ្ឋទាំងអស់ស្របតាមគុណតម្លៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្ដែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋដែលគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយក្ដី ឬជាសមាជិកនៃក្រុមសង្គមស៊ីវិលក្ដី។ ប្រទេសកម្ពុជាសូមឲ្យមានការគាំទ្រពីសំណាក់សហភាពអឺរ៉ុប ដើម្បីជួយធ្វើឲ្យសម្រេចគោលដៅដ៏ពិសិដ្ឋនេះ ដោយមានការគោរពដល់អធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពី សហភាពអឺរ៉ុប បានកំពុងអនុវត្តដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ដោយលើកយកបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ទោះ ជាយ៉ាងណាក៏ដោយ តាមនីតិវិធី សហភាពអឺរ៉ុបត្រូវការចំណាយពេលវេលា៦ខែ ពីរដងសម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)”សម្រាប់ប្រទេសកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post