ក្រុមហ៊ុនធំៗរបស់ចិនចំនួន៣ បានប្រកាសពីគម្រោងវិនិយោគសាងសង់ទីក្រុងរណបដែលមានតម្លៃរាប់លានដុល្លារអាមេរិកនៅក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង ដែលគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៩ ខាងមុខ។ ការប្រកាសពីគម្រោងវិនិយោគនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធំៗចំនួន៣ រួមមានក្រុមហ៊ុន Empire World City ក្រុមហ៊ុន Bauing និងក្រុមហ៊ុន CFMA របស់ចិន ដើម្បីរួមគ្នាកសាងទីក្រុងរណបOBC។
ការសាងសង់ទីក្រុងរណបនេះគ្របដណ្តប់លើផ្ទៃដី៨០៣ហិចតា ហើយនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៨នេះ ដែលត្រូវចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ សាងសង់លើផ្ទៃដី៥០ហិចតា ដោយរួមមានទាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប និងកាស៊ីណូជាដើម។ នេះជាការបញ្ជាក់របស់តំណាងក្រុមហ៊ុន Empire World City។
គម្រោងសាងសង់នេះមានរយៈពេលពី៥-១៥ឆ្នាំ និងត្រូវចំណាយថវិការាប់លានដុល្លារ ហើយពេលទីក្រុងរណបនេះរួចរាល់ នឹងផ្តល់ឱកាសការងារឱ្យពលរដ្ឋកម្ពុជារាប់ពាន់នាក់មានការងារធ្វើ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែសំបូរបែបថែមទៀត។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ចិនជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា គិតក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ ទុនវិនិយោគរបស់ចិនដែលបណ្ដាក់ទុននៅប្រទេសកម្ពុជា មានរហូតដល់ជាង៥ពាន់លានដុល្លារអាមេរិក ខណៈរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១៣-២០១៨ វិនិយោគិនចិនដែលបានបណ្ដាក់ទុនវិនិយោគមានរហូតដល់ជាង២១ពាន់លានដុល្លារអាមេរិក ដែលផ្ដោតទៅលើវិស័យមួយចំនួនដូចជា កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនីជាដើម។
កន្លងមក លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា នៅចុងឆ្នាំ២០១ ៨នេះ ជនជាតិចិន នឹងមកកម្ពុជា ប្រមាណជាង៥ម៉ឺននាក់ ដើម្បីប្រកបអាជីវកម្មផ្សេងៗ ខណៈកម្ពុជា មានថៅកែចិន កំពុងសាងសង់អគារធំៗជាច្រើន ហើយគោលដៅសំខាន់ៗ ដែលចិនឆ្ពោះមកនោះ គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
របាយការណ៍ខ្លះបានប៉ាន់ស្មានថា នៅខេត្តព្រះសីហនុ ជនជាតិចិន មានប្រមាណជាង ២០ភាគរយនៃប្រជាជនសរុប កើនឡើងប្រហែល ១២៦ភាគរយ ធៀបនឹងឆ្នាំ២០១៧។