header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នេះ ដល់ពេលវេលាដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្ដើមបំលាស់ទីជនជាតិវៀតណាម ចំនួន២ ៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅតាមដងទន្លេសាបនៅទូទាំងខេត្តកំពង់ឆ្នាំង ឱ្យមកនៅរស់នៅលើគោកវិញ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានថ្លែងប្រាប់សារព័ត៌មានដែលស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ យុទ្ធនាការនេះបានអនុវត្ត និងជូនដំណឹងតាំងពីឆ្នាំ២០១៥ មក        ម្ល៉េះ។ ហើយការរុះរើសជនជាតិវៀតណាមឱ្យទៅនៅលើគោកនេះ ​មានកិច្ចសហការជាមួយសមាគមវៀតណាមនៅកម្ពុជា ព្រោះសមាគមវៀតណាម បានសហការជាមួយដៃគូរឯកជន ដើម្បីផ្ដល់ទីតាំងសម្រាប់តាំងលំនៅដ្ឋានរបស់ជនជាតិវៀតណាម ទាំងអស់នោះ។

លោក ឈួរ ច័ន្ទឌឿន បានប្រាប់ថា៖ កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង និងនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។

លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ពីមូលហេតុដែលធ្វើការផ្លាស់ប្តូរការរស់នៅរបស់ជនជាតិវៀតណាមនេះថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន និងបញ្ហាសុខភាពអនាម័យ ព្រោះថាការរស់នៅលើទឹកនេះធ្វើឱ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ពិសេសការប្រកបអាជីវកម្មផ្សេងៗធ្វើឱ្យប៉ះពាល់ដល់ទឹក ហើយយកទឹកនោះមកប្រើវិញ គឺអាចប្រឈមជាមួយបញ្ហាសុខភាព។

សូមបញ្ជាក់ថា ជនជាតិវៀតណាមទាំងអស់នោះ ត្រូវនៅឆ្ងាយពីកន្លែងចាស់ប្រមាណ១គីឡូម៉ែត្រ ហើយគ្រួសារខ្លះទៀត ត្រូវកំណត់ឱ្យទៅរស់នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ដែលមានផ្ទៃដីរហូតដល់៤០ហិចតា ដែលផ្ដល់ដោយសមាគមវៀតណាម សហការជាមួយដៃគូរឯកជន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post