header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីខ្មែរម្នាក់ ត្រូវបានចៅក្រមស៊ើ​បសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេច កាលពីរសៀល​ថ្ងៃទី២៥ តុលា ឆ្នាំ២០១៨នេះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិ​ង្សាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ  ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ប្ដីជនជាតិកូរ៉េ។

ជនជាប់ចោទ ដែលតុលាការសម្រេចឃុំខ្លួននេះ ឈ្មោះ ជួង បុប្ផា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅស្ថានលេខ ៣៣៩F ផ្លូវលេខ ៩០៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃចាប់ខ្លួនតាមដីការបស់ចៅក្រម ហេង សុខណា ជាចៅក្រមស៊ើបសួរក្នុងសំណុំរឿង លេខ៧២២១ ចុះថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៧ ដែលមានកញ្ញា វ៉ា សកក្ដា ជាព្រះរាជអាជ្ញារងអមសាលាដំបូងបើកការស៊ើបសួរបឋម ដោយបានសម្រេចចោទប្រកាន់ឈ្មោះ ជួង បុប្ផា ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ីន  ជុងបឹក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិកូរ៉េ ។

ក្រោយតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ ជនជាប់ចោទ ជួង បុប្ផា បានប្រាប់អ្នកកាសែតថា ជារឿងអយុត្តិធម៌ខ្លាំងណាស់ ប្ដីជនជាតិកូរ៉េរបស់នាងបានវាយធ្វើបាបនាងជាច្រើនដង រហូតដល់បាក់ដៃ បែកក្បាល បង្ខំអោយដេករួមភេទជាមួយមិត្តភក្តិប្ដី តែនាងមិនប្ដឹងប្ដីទេ តែប្ដីបែរជាប្ដឹងនាងហើយព្រះរាជអាជ្ញាមិនទាំងបានហៅរូបនាងមកសាកសួរមួយម៉ាត់ផង ស្រាប់តែចោទប្រកាន់រូបនាងឲ្យ​ចៅក្រមស៊ើ​បសួរចេញដីកាចាប់ខ្លួននាងដាក់គុកតាមមហិច្ឆិតារបស់ជនជាតិកូរ៉េ ដើម្បីដណ្ដើមយកកូនស្រី និងផ្ទះ២ល្វែង ដែលជាទ្រព្យរួមទៅវិញ រឿងរ៉ាវមិនប្រក្រតីបែបនេះ ស្ត្រីណាមិនឈឺចាប់?

ជនជាប់ចោទបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាង និងប្ដីជនជាតិកូរ៉េ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០០៧ ហើយក៏បានចេញទៅរស់នៅប្រទេសកូរ៉េធ្វើការសន្សំប្រាក់បានមួយចំនួន ក៏ត្រឡប់មករស់នៅកម្ពុជាវិញហើយបានទិញផ្ទះ២ល្វែងជាទ្រព្យរួម ហើយក៏មានកូនស្រីម្នាក់អាយុ៥ឆ្នាំ ឈ្មោះស៊ីន ស៊ីអាឡេអ៊ី កើតថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣។

ជួង បុប្ផា បានអោយដឹងទៀតថា ពេលមករស់នៅក្រុងភ្នំពេញវិញគ្រួសារនាងមិនសូវមានសេចក្ដីសុខទេ ដោយសារប្ដីជនជាតិកូរ៉េមានមិត្តភក្តិដើរលេងយប់ ផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងវាយតប់លើនាងស្ទើររាល់ថ្ងៃ ពេលខ្លះវាយបែកក្បាល ពេលខ្លះវាយបាក់ដៃ ពេលខ្លះប្ដីរបស់នាងបានបង្ខំនាងអោយដេកជាមួយមិត្តភក្តិគេទៀត ប៉ុន្តែពេលនាងមិនព្រមប្ដីនាងបានប្រើហិង្សារាល់ៗដង ជាហេតុធ្វើអោយរូបនាងទ្រាំមិនបានក៏សម្រេចថា ត្រូវប្ដឹងលែងលះ។  លុះ​ពេលដឹងថា នាងចង់ប្ដឹងលែងលះ ប្ដីរបស់នាងក៏បានលួចយកកូនស្រីទៅប្រទេសកូរ៉េបាត់រហូតដល់សព្វថ្ងៃ។  រហូតដល់ឆ្នាំ ២០១៧ បងប្អូនបានសម្របសម្រួលអោយជុំគ្រួសារវិញ តែថ្ងៃនោះហើយ ដែលប្ដីរបស់នាងបានវាយប្រតាយប្រតប់គ្នានៅក្នុងហាងអាហារមួយទល់មុខមន្ទីរពេទ្យកាល់ម៉ែត ហើយដោយសាររអិលជើងដួលប្ដីរបស់នាងមានរបួសបន្តិចបន្តួចដោយសារដួលបោកនិងតុ។ បន្ទាប់មកពួកនាងក៏ត្រឡប់ទៅផ្ទះជាមួយគ្នាវិញ តែមិនដឹងថា ប្ដឹរបស់នាងបានប្ដឹងរូបនាងមកតុលាការទេ ព្រោះនាងមិនដែលបានទទួលដីការបស់តុលាការម្ដងសោះ ស្រាប់តែនៅថ្ងៃទី២៤ តុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានចាប់ខ្លួននាងតាមដីកាតុលាការយោងតាមពាក្យបណ្ដឹងរបស់ប្ដីនាងទៅវិញ ហើយថែមទាំងសម្រេចឃុំខ្លួនដាក់ពន្ធនាគារទៀត តើរឿងរ៉ាវបែបនេះវាមានយុត្តិធម៌សម្រាប់រូបនាងដែរឬទេ ?

ទោះបីយ៉ាងណា ជនជាប់ចោទបានអំពាវនាវសុំអោយក្រសួងយុត្តិធម៌ ពិសេសសម្ដេចតេជោហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យ​នាងផង បើមិនដូច្នេះទេ រូបនាងត្រូវជាប់ឃុំដោយអយុត្តិធម៌បំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post