header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កន្លងមករហូតដល់បច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហា ការខូចខាតផ្លូវ ការកក់ស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ ។ តែផ្ទុយទៅវិញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ មិនបានអនុវត្តតាមបទបញ្ជា របស់លោក អភិបាលរាជធានីភ្នំពេញឡើយ បានបណ្ដោយឲ្យក្រុមអ្នកលក់រថយន្តមួយទឹក យកចិញ្ជើមផ្លូវទល់មុខអតីតសាលាខណ្ឌដូនពេញ ចតរថយន្តសម្រាប់លក់តែម្ដង ។

ជាក់ស្ដែងទីតាំង ដែលក្រុមអ្នកលក់រថយន្តមួយទឹកយកចិញ្ជើមផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០ (ទល់មុខអតីតសាលាខណ្ឌដូនពេញ) រហូតដល់ផ្លូវលេខ៦១ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពាក់ព័ន្ធបញ្ហានេះ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ទទួលបន្ទុកសណ្ដាប់ធ្នាប់ ជាអ្នកអនុញ្ញាត ឲ្យក្រុមអ្នកលក់រថយន្តមួយទឹកយកចិញ្ជើមផ្លូវលើសពី១ភាគ៣ ចតលក់ តែដើម្បីផលប្រយោជន៍ ដោយយកលុយពីក្រុមអ្នកលក់រថយន្តតម្លៃ២$ឡាន១គ្រឿងក្នុងមួយថ្ងៃ ។ ប៉ុន្តែពាក់ព័ន្ធបញ្ហានេះ ភ្ញាក់ងារយើង មិនអាចទាក់ទងលោកអភិបាលរងបានឡើយ ។

បញ្ហាក្រុមអ្នកលក់រថយន្តដែលយកចិញ្ជើមផ្លូវចតតាំងរថយន្តលក់នេះ ភ្ញាក់ងារព័ត៌មានយើងបានទាក់ទងសុំការបំភ្លឺ ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោកអភិបាលបានឲ្យដឹងថា បញ្ហានេះ គឺមិនអនុញ្ញាតឲ្យក្រុមអ្នកលក់រថយន្តមកចតលើចិញ្ជើមផ្លូវសាធារណៈ ដាក់លក់ដូច្នេះឡើយ ។ លោក អភិបាលបានបន្តទៀតថា បើរថយន្តរបស់មន្រ្តីក្រសួងនិងខាងបណ្ណាល័យ អនុញ្ញាតឲ្យចតបាន តែបើរថយន្តរបស់ក្រុមអ្នកលក់ ដាក់ស្លាកលក់ មិនអនុញ្ញាតឡើយ ដូច្នេះលោកអភិបាល ថាគាត់នឹងធ្វើការរឿងនេះ ។

ចុងក្រោយប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌដូនពេញ គួរមានវិធានការផង ចំពោះក្រុមអ្នកលក់រថយន្តមួយទឹក បាន យកចិញ្ជើមផ្លូវទល់មុខអតីតសាលាខណ្ឌដូនពេញ ជាកន្លែងចតរថយន្តសម្រាប់លក់ បង្កឲ្យមានភាពអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ គិតតែដើរប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន គួរគិតប្រយោជន៍សង្គមសាធារណៈផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post