កាលពីថ្ងៃអង្គារ៍ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី០២ ខែតុលាឆ្នាំ២០១៨ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់សម្តេចក្រឡា ហោម ស ខេង។
យោងតាមរបាយការណ៍បានឱ្យដឹងថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងនគរបាលជាតិបានស្រាវជ្រាវ និងធ្វើការចាប់ខ្លួន សកម្មជន និង មេក្លោង ចលនាប្រដាប់អាវុខុសច្បាប់នៅទូទាំងប្រទេសចំនួន៩នាក់ ដោយរឹបអូសអាវុធវែង៣០ដើម អាវុធខ្លីមួយដើម និង ឧបករណ៍ សម្ភារផ្សំគ្រឿងផ្ទុះមួយចំនួនទៀត។
សម្តេចក្រឡាហោមបញ្ជាក់ថា លទ្ធផលនេះគឺបានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។
ជាមួយគ្នានេះសម្តេចក្រឡាហោម ថ្លែងថា ភាពជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ដោយសារតែមានការចូលរួមចំណែកយ៉ាងសំខាន់ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា។