header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាការពារ និងកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ ក៏ដូចជាក្រុមក្មេងស្ទាវ បានចែកជើងគ្នារត់បាតជើងសព្រាត បន្ទាប់ពីមន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោកខ្លួន បានបើកការបាញ់បោះអស់ជាង១០គ្រាប់។ ជាលទ្ធផលក្រោយការបាញ់បោះនេះ ប្រជាការពារម្នាក់ បានរងរបួសធ្ងន់ នៅខណៈជនរងគ្រោះ និងសមត្ថកិច្ចខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ពើបប្រទះក្រុមក្មេងស្ទាវកំពុងប្រយុទ្ធគ្នា។

ហេតុការណ៍មន្ត្រីប៉េអឹម បាញ់បោះអស់គ្រាប់១បង់នេះ បានបង្កជាការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច​មុខផ្ទះល្វែងA4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិ​គង្គារ​ផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចខណ្ឌឫស្សីកែវ ជនសង្ស័យ ដែលជាអ្នកបើកការបាញ់បោះខាងលើ មានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ប្រាប់ភ្នាក់ងារ​ខេមប៉ុស្តិ៍​ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែ២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានចេញល្បាតពួនស្ទាក់តាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ​ បង្ក្រាប​បទល្មើសផ្សេងៗ ដើម្បីរក្សាសុវត្ថិភាព​ជូនបងប្អូនប្រជាពលរដ្ឋ។ នៅខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង កំពុងវាយតប់គ្នា តែដោយឃើញ​សមត្ថកិច្ចភ្លាម ​ក្រុមក្មេងទំនើងមួយក្រុម ក៏បានឡើងជិះម៉ូតូរត់គេចខ្លួន។ ភ្លាមៗនោះ ​កម្លាំងបានជិះម៉ូតូប្រដេញតាមចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែង A4 ដែលជាកន្លែងកើតហេតុ ទើបឃាត់ម៉ូតូជនសង្ស័យបម្រុងធ្វើការឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់ ​ស្លៀកពាក់ស៊ីវិល​ និងមាន​សភាពស្រវឹងស្រា ហើយនៅដៃមានកាន់កាំភ្លើងខ្លី១ដើមម៉ាក Lock ពណ៌ខ្មៅ បានផ្ទុះអាវុធ​ចំនួនមួយគ្រាប់ ក៏ផ្អើលនគរបាលប្រាប់ឲ្យកម្លាំងពួនក្រាប រកកន្លែងមានសុវត្ថិភាពសិន និងរាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍ ទើបបង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​។ ចំណែកក្រុមក្មេងស្ទាវ ឆ្លៀតឱកាសសមត្ថកិច្ចកំពុង​រកកន្លែងសុវត្ថិភាព ពួកគេបានឡើងជិះម៉ូតូរត់ចែកជើងគ្នាបាត់អស់។

បន្តិចក្រោយមក ​ជនស្លៀកពាក់ស៊ីវិលរូបនោះ ក៏បានផ្ទុះអាវុធជាបន្តន្ទាប់អស់ជាង១០គ្រាប់ រហូតអស់គ្រាប់ពីបង់កាំភ្លើង បណ្ដាលឲ្យ​ប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើង​រងរបួសធ្ងន់ ទើបសមត្ថកិច្ចនគរបាលប្រដាប់ដោយកាំភ្លើងអាកា បានស្ទុះចូលទៅភ្ជង់ជនស៊ីវិលខ្មាន់កាំភ្លើងនោះ រួចធ្វើការដកហូត​កាំភ្លើងខ្លីមួយដើម​ យករក្សាទុកធ្វើជាវត្ថុតាង និងវាយខ្នោះ រង់ចាំកម្លាំងមកយកទៅសាកសួរបន្តនៅ​អធិការនគរបាលខណ្ឌឬស្សីកែវ។ ចំណែកឯប្រជាការពាររងគ្រោះ ដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ ត្រូវបាន​រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីជួយសង្គ្រោះជីវិត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញ​សម្បកគ្រាប់ ចំនួន​៨គ្រាប់ផងដែរ។ ចំណែកមន្ត្រីប៉េអឹមលផ្ទៃប្រទេស ដែលជាអ្នកបាញ់បោះ រួមទាំងវត្ថុតាងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសាកសួរ និងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post