header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរដែនដី នារសៀលថ្ងៃទី១១ ខែតុលានេះ បានអញ្ជើញទៅពិនិត្យមើលទីតាំងដែលត្រូវកែលម្អសោភ័ណភាព នៅខាងមុខ និងជុំវិញវិមានឈ្នះ-ឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដើម្បីត្រៀមសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩,៣០,៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមម្ចាស់ផ្ទះ លោក ឃួង ស្រេង បានជំរុញ និងដាក់ផែនការឲ្យមន្ត្រី នៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន និងអាជ្ញាធរដែនដី បង្កើនការយកចិត្តទុកដាក់ លើការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព បរិស្ថានជុំវិញ ទីតាំងប្រារព្ធពិធី, ការកែលម្អផ្លូវចូលឲ្យបានស្អាតចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦។ ការឆ្ការព្រៃនៅអមសងខាងផ្លូវ ឲ្យបានទទឹង៣០ម៉ែត្រ ពីចិញ្ចើមផ្លូវ,ដាក់ភ្លើងបំភ្លឺផ្លូវ និងដាក់ភ្លើងហ្វាតាមដើមឈើ, រៀបចំសួនច្បារ, រៀបចំកន្លែងចតយានយន្ត។ ចំណែកមន្ទីរសុខាភិបាល ត្រូវរៀបចំដាក់ស្តង់ពិនិត្យ និងសង្គ្រោះចំនួន២កន្លែង និងដាក់រថយន្តសង្គ្រោះចំនួន២០គ្រឿង សម្រាប់ជួយអន្តរាគមន៍ នៅពេលប្រជាពលរដ្ឋមានបញ្ហាផ្នែកសុខភាព ដែលកម្មវិធីសម្ពោធនេះ គ្រោងនឹងមានប្រជាពលរដ្ឋចូលរួម ជាង១ម៉ឺននាក់។

លោកអភិបាលបញ្ជាក់ថា បញ្ហាសំខាន់ចំពោះមុខ គឺរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ សម្រាប់ពិធីឲ្យបានល្អប្រសើរ សក្តិសមទៅនឹងខ្លឹមសារ អត្ថន័យ នៃ នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលខ្មែរគ្រប់ភាគីទំនាស់ ឈ្នះទាំងអស់គ្នា ហើយប្រទេសជាតិទាំងមូល ក៏ឈ្នះទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនឹកនៃសន្តិភាព ដែលខ្មែរគ្រប់រូបបានរស់នៅ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ពេញផ្ទៃប្រទេស។

ការសម្ពោធវិមានឈ្នះឈ្នះ ក៏ដើម្បីអបអរសាទរ គំរប់ខួប២០ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរៃរវាងខ្មែរ និងខ្មែរ។ ភាគីទំនាស់ទាំងអស់ បានទំលាក់អាវុធចុះ រួចចាប់យកការចចារគ្នា ដោយសន្តិវិធីតាមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ដូច្នេះខ្មែរគ្រប់រូប ត្រូវរក្សាឲ្យបាននូវសន្តិភាព ដែលបានមកដោយលំបាកនេះ កុំឲ្យបាត់បង់នឹងការពារសុខសន្តិភាព ឲ្យបានជាដាច់ខាត ទោះក្នុងតំលៃណាក៏ដោយ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា “នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។ តាមរយៈសន្តិភាពរកបានដោយលំបាក នៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។

នាយឧត្ដមសេនីយ៍ បន្ថែមថា វិមានឈ្នះឈ្នះនេះ គឺបានរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ និងចម្លាក់ដំណើរជាតិកម្ពុជា នាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។

គួរបញ្ជាក់ដែរថា វិមានឈ្នះឈ្នះ ចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកម្ពស់វិមាន ចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post