header ads

Sponsor

រិទ្ធី

ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់អ្នកក្រុងព្រះសីហនុ​ ប្រើប្រាស់ទៀតហើយ ដោយសារតែ    ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែកសម្រាប់ធ្វើការអភិវឌ្ឍ និងមួយភាគធំទៀតសម្រាប់កែលម្អឱ្យទៅជាសួនរមនីយដ្ឋានទេសចរណ៍។ នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០១៨ នេះ។

តាមប្រភពដដែលបានបន្តទៀតថា៖ នៅក្នុងគម្រោងដែលបានគ្រោងទុក ក៍មានសាងសង់នូវផ្លូវកាត់ដើម្បីបញ្ជៀសចរាចរណ៍ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងឱ្យក្លាយទៅជារមនីយ៍ដ្ឋានទេសចរណ៍ កម្សាន្តដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។

ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់ឱ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ​ ត្រូវបានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់​ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានសម្រេចកាត់ដីទំហំ​១១,៥០​ ហិកតា (១១ហិកតា និង៥០អា) ចេញ​ពី​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់​ ដែលមាន​ទីតាំង​នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ការ​កាត់​ដី​នេះធ្វើ​ឱ្យ​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ នៅសល់​ដី​តែ ៤,៨០ ហិកតា​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ ​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ ត្រូវបានរាជ​រដ្ឋាភិបាលកម្ពុជា​ដាក់បញ្ចូល​ជា​តំបន់​អភិរក្ស ដែលមាន​ផ្ទៃដី​សរុប ១៦,៣០​ហិកតា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post