អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តដឹកសំរាម​ ក្រុមហ៊ុន​ ស៊ិន​ទ្រី បើកគេចពី​រថយន្តទំនើប(មិនចាំម៉ាក​)​ មួយគ្រឿងទៀត បណ្ដាលឲ្យរេចង្កូត​ធ្លាក់ចូលត្រាំទឹកប្រឡាយ ​បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ កាលពីវេលាម៉ោង​ជាង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែតុលា​​ ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងលិចស្ពានបេតុងព្រៃស សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

យោងតាមសម្ដីអ្នកបើកបរថយន្ត បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ​ រូបគាត់បានបើករថយន្តដឹកសំរាម​មួយគ្រឿង របស់ក្រុមហ៊ុន​ ស៊ិនទ្រី ពណ៌លឿង​ (អត់ស្លាកលេខ) ដែលមានលេខសំគាល់195 ធ្វើដំណើរក្នុងទិសដៅ​ពីត្បូងទៅជើង​ ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង​ (មិនចាំម៉ាក​) បានបើកវ៉ាជែងមកពីមុខ ក្នុងល្បឿនយ៉ាងលឿន ឃើញដូច្នេះ​ដោយសារតែមិនចង់អោយមានគ្រោះថ្នាក់ ទើបគាត់សម្រេចចិត្ត កាច់ចង្កូតគេចមកខាងឆ្វេង ក៏ជ្រុលធ្លាក់ពីផ្លូវ ចូលក្នុងប្រឡាយទឹកតែម្ដង ។ អ្នកបើកបរ​បន្ថែមទៀតថា​ បើសិនជាគាត់គេចទៅខាងស្ដាំវិញ គឺអាចនឹងបុកចូលផ្ទះនៅក្បែរនោះ ហើយគ្រោះថ្នាក់ដល់អ្នកដទៃច្រើនជាងនេះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ហើយធ្វើការសាកសួរដែរ ដោយមិនបានប៉ះពាល់និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ទើបសមត្ថកិច្ចត្រឡ​ប់ទៅវិញបាត់ទៅ ។ បច្ចុប្បន្ន​រថយន្តស៊ិនទ្រី ដែលធ្លាក់ចូលត្រាំក្នុងទឹកប្រឡាយ ត្រូវបានអ្នកបើកបរ បានទាក់ទងទៅក្រុមហ៊ុន អោយតំណាងទាក់ទងហៅ​រថយន្តឲ្យមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post