header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ ថ្ងៃទី ០៤តុលា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតឧកញ៉ា ហូរ ចំរើន ដាក់ពន្ធនាគារ១៨ខែ ក្រោមការចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធករណីផ្ទុះអាវុធកាលពីល្ងាចថ្ងៃទី ២១ មេសា ឆ្នាំ២០១៨នៅក្នុងផ្ទះលេខ ២៧៣ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សេចក្ដីសម្រេចនេះបានបើកផ្លូវអោយជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់បើមិនសុខចិត្ត។

សាលក្រមនេះបានប្រកាសក្រោយពេលតុលាការបានបង្គាប់អោយអនុរ័ក្សពន្ធនាគារនាំខ្លួនលោកហូរ ចំរើន មកបើកសវនាការនាព្រឹកថ្ងៃទី៤ ខែតុលា បន្ទាប់ពីបានលើកពេលជំនុំជំរះម្ដងកាលពីថ្ងៃទី ២៥សីហា ឆ្នាំ២០១៨។

ប្រឈមមុខការចោទប្រកាន់ពីបទគំរាមកំហែងថានឹងសម្លាប់ ដែលពាក់ព័ន្ធដល់ការផ្ទុះអាវុធកាលពីថ្ងៃទី ២១មេសា ឆ្នាំ២០១៨ លោកហូរ ចំរើន បានបដិសេធថា លោកមិនបានបាញ់កាំភ្លើងទេនៅថ្ងៃកើតហេតុ ហើយរឿងរ៉ាវយ៉ាងណានោះលោកមិនបានដឹងទេ ព្រោះក្រោយពេលដែលលោកមកដល់ផ្ទះវិញបកថហែលជាម៉ោង១៥រសៀល លោកមិនឃើញមានអ្វីកើតឡើងនៅក្នុងផ្ទះលើកទេ។ លុះក្រោយមកស្រាប់តែឃើញមានសារព័តិមានចុះផ្សាយថាលោកបានបាញ់កាំភ្លើងគំរាមម្ដាយក្មេកនិងប្រពន្ធកូន លោកក៏បានយកកាំភ្លើងខ្លីទៅប្រគល់អោយអង្គភាពវិញ ហើយក៏បានបកស្រាយតាមទូរទ្ទស្សន៍ស៊ីអិនស៊ី បញ្ជាក់ថាពុំមានករណីផ្ទុះអាវុធនៅក្នុងផ្ទះរបស់លោកទេ។

ជាការកត់សម្គាល់ប្រពន្ធលោកហូរ ចំរើន និងម្ដាយក្មេកក៏មកធ្វើជាសាក្សីដោះបន្ទុកអោយជនជាប់ចោទដែរ រួមទាំងមេប៉ូលីសប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃសផងដែរ។ សាក្សីដោះបន្ទុកទាំងនេះបានបង្ហាញចម្លើយស្រដៀងគ្នាថា នៅថ្ងៃដែលមានការចោទប្រកាន់នោះ គឺពួកគេមិនបានលឺស្នូរផ្ទុះកាំភ្លើងទេ ហើយក្នុងផ្ទះក៏មិនមានបញ្ហាកើតឡើងដែរ។

ទោះបីជនជាប់ចោទ និងសាក្សីបានបដិសេធថាមិនមានបញ្ហាផ្ទុះអាវុធក៏ដោយ ប៉ុន្តែតាមពាក្យបណ្ដឹងរបស់ស្នងការដ្ឋានស្រាវជ្រាវ សន្តិសុខនៃកងអង្គរ័ក្សបានបង្ហាញថាលោកហូរ ចំរើន បានបាញ់កាំភ្លើងបង្កសម្លេងផ្ទុះ ថែមទាំងគេចវេសមិនចូលអង្គភាពទៀតផង ហើយថែមទាំងមានរឿងវិវាទការរកស៊ីដីធ្លីជាមួយក្រុមហ៊ុនក្នុងស្រុកនិង ក្រៅស្រុកមួយចំនួនទៀតដែលបញ្ហានោះជាបញ្ហារបស់បុគ្គលដែលត្រូវដោះស្រាយតាមផ្លូវតុលាការ។

តំណាងអយ្យការ លោកស៊ិន វិរៈ បានធ្វើសេចក្ដីសន្និដ្ឋានបញ្ជាក់ថាពិតជាមានការផ្ទុះអាវុធនៅក្នុងផ្ទះលោកហូ ចំរើន ដែលផ្ដើមចេញពីជំលោះប្ដីប្រពន្ធ និងស្នើអោយចៅក្រមសម្រេចតាមច្បាប់។

ក្រោយបញ្ចប់នីតិវិធីសួរដេញដោលនិងធ្វើសេចក្ដីសន្និដ្ឋានរបស់តំណាងអយ្យការនិងមេធាវីការពារការពារអោយជនជាប់ចោទរួចមក លោក ចៅក្រមឈ្មោះ លាង សំណាត់ បានថយទៅពិចារណាហើយចូលមកប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោកហូរ ចំរើន ដាក់ពន្ធនាគារកំណត់១៨ខែ ក្រោមការចោទបករកាន់ពីបទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣នៃក្រមព្រ្មទ័ណ្ឌ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post