header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សកាន់អំណាច បានចំអកឡកឡើយទៅកាន់ក្រុមប្រឆាំងទាំងក្នុង និងក្រៅប្រទេសថា ក្នុងសង្គមប្រជាធិបតេយ្យ បាតុកម្ម​ជារឿងធម្មតារបស់ក្រុមប្រឆាំង ប៉ុន្តែចំពោះសកម្មភាពសុទ្ធតែគ្មានបានការ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បន្ទាប់ពីក្រុមប្រឆាំង បានធ្វើការប្រឆាំងនឹងដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំលក្ខណៈអន្តរជាតិជាច្រើនលើកច្រើនសារ តែគ្មានលទ្ធផលនោះទេ។

លោក សុខ ឥសាន បានអះអាងឲ្យដឹងនៅថ្ងៃទី១៨ ខែតុលានេះ យ៉ាងដូច្នេះថា ជារឿងធម្មតា ដែលមានជនមួយចំនួន ដែលមានទស្សនៈនយោបាយខុសគ្នាពីគណបក្សកាន់អំណាច នៅតាមបណ្តាប្រទេសលើពិភពលោក តែងតែធ្វើសកម្មភាពប្រឆាំង នឹងការងាររបស់គណបក្សកាន់អំណាច តាមរយៈការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋាភិបាល​ ស្របតាមកម្មវិធីនយោបាយឈ្នះឆ្នោតរបស់ខ្លួន។ ជាក់ស្តែងនោះ មិនថា នៅក្នុងប្រទេសកម្ពុជា កាលពេលកន្លងមកនោះទេ សូម្បីនៅសហរដ្ឋអាមេរិក ក៏មានសកម្មភាពប្រឆាំងនឹងរបបក្រុងវ៉ាស៊ីងតោន របស់លោក ដូណាល់ ត្រាំ ដែលបានឈ្នះឆ្នោត។ រហូតដល់ពេលក្លាយជាប្រធានាធិបតី លោក ដូណាល់ត្រាំ មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង គឺនៅពេលឈរថ្លែងការណ៍ស្ថិតនៅក្នុងបន្ទប់កញ្ចក់បាញ់មិនធ្លុះទៀតផង។

លោកបញ្ជាក់ថា ដូច្នេះមិនមែន​ជារឿងចម្លែកទេ ដែលមានក្រុមជនអនាធិបតេយ្យមួយចំនួន ធ្វើសកម្មភាពប្រឆាំងនឹងវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមប្រជុំអាស៊ី-អ៊ឺរ៉ុបនោះ។ កម្ពុជា មានមោទនភាពជាតិដ៏ខ្ពង់ខ្ពស់។

លោកបន្ថែមថា ទោះបីពួកប្រឆាំងទាំងនោះ ខិតខំយ៉ាងណា ក៏គ្មានបានប្រយោជន៍អ្វីដែរ សម្តេចតេជោ និងគណៈប្រតិភូ នៅតែអាចដំណើរការប្រជុំ និងមានវត្តមានប្រកបដោយកិត្តិយស នៅក្នុងកិច្ចប្រជុំកំពូលនេះដដែល។ នៅទីបំផុត ពួកប្រឆាំង បានត្រឹមត្រឡប់ទៅផ្ទះវិញ ដោយស្ពាយយកភាពបរាជ័យដ៏អាមាស់ទៅជាមួយតែប៉ុណ្ណោះ។

គួររំឭកថា ក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំម្តងៗ។ ប៉ុន្តែការប្រឆាំងនេះ គ្រាន់តែជាការល្អមើលតែប៉ុណ្ណោះ ពោល គឺមិនទទួលបានផលអ្វីនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post