header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គំនរសំរាម​ គរដូចកូនភ្នំ ស្អុយរលួយហូរទឹករងៃ ស្ទើរពិបាកទ្រាំនារដូវភ្លៀងធ្លាក់ គ្រាដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់ម្តងៗ ដូចទីលានចាក់សំរាមទី២ របស់ស៊ីនទ្រីបាត់ទៅហើយ ហូរហៀរមកលើផ្លូវ បង្កផលប៉ះពាល់ធ្ងន់ធ្ងរ លើផ្នែកបរិស្ថាន ត្រូវបានបងប្អូនប្រជាពលរដ្ឋ រិះគន់ថា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ទុកគំនរសំរាមស្អុយគគ្រុក គ្រាន់ពលរដ្ឋហិត ខែភ្ជុំបិណ្ឌ ទើបគ្មានចំណាត់ការ ផែនការរៀបចំ កែសម្រួលបរិស្ថានឲ្យប្រសើរបែបនេះ ។

ទីតាំងគំនរសំរាមស្អុយរលួយ គ្មានអាជ្ញាធរ ស្ថាប័នខាងណារវល់អើពើនោះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។

ប្រជាពលរដ្ឋ បានលើកឡើងថា កន្លងមក ខណៈដែលតំបន់ ចំណុចខាងលើក្លិនស្អុយ ឃ្មឹះ ចេញពីគំនរសំរាម ចាក់ខុសគោលដៅ ត្រូវបានអាជ្ញាធរ សង្កាត់២ ឆ្លើយដាក់គ្នា ម្តងស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខាងសង្កាត់ក្រាំងធ្នង់ឆ្លើយថា ទេ មិនមែនទេ ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ជាហេតុធ្វើឲ្យមហាជន ពលរដ្ឋជាកូន ជាចៅខ្លួនឯង រិះគន់ ប្រសិនជាពាក់ព័ន្ធនឹងលាភសក្ការវិញ ច្បាស់ប្រាកដដណ្តើមគ្នាយកបាត់ទៅហើយ តែនេះគំនរសំរាម ទើបឆ្លើយដាក់គ្នា ។ តែទោះជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌ បានបំភ្លឺរួចហើយ គំនរសំរាមស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិដំណាក់ សង្កាត់គោកឃ្លាង ហើយគំនរសំរាមនេះទៀតសោត ផ្តើមចេញពី មនុស្ស ឆ្លៀតឱកាស យកកាកសំណល់ សំរាម ដែលមិនហ៊ានដាក់នៅមុខផ្ទះខ្លួនឯង ដើម្បីរង់ចាំរថយន្តស៊ីនទ្រីទៅប្រមូលនោះទេ ចាំយូរខ្លាចស្អុយ ទើបស្ងាត់ៗ លួច ដឹក យកសំរាមរបស់ខ្លួនទៅបោះប្លុងចោលខុសគោលដៅបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយជាគំនរបាត់ទៅហើយ រាយបាយ តាមចិញ្ចើមផ្លូវ រួមផ្សំរដូវភ្លៀងធ្លាក់ទៀត ប្រែក្លាយទៅជារលួយ ស្អុយ ពិបាកដកដង្ហើម ពេលឆ្លងកាត់ម្តងៗ ។

កន្លងមកថ្មីៗនេះ លោក ឃួង ស្រេង បានប្រកាសរួចហើយ ឲ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ចាត់វិធានការ ទៅលើ បុគ្គល ឆ្លៀតឱកាស កេងចំណេញ យកសំរាម បោះ ចោល ខុសគោលដៅ ដើម្បីកែប្រែ សោភណ្ឌភាពភូមិឋាន ទីក្រុង បរិស្ថានឲ្យបរសើរឡើងវិញ ត្រូវឃាត់បុគ្គលឆ្លៀតឱកាសទាំងនោះ អប់រំ ឬឈានដល់ពិន័យ អាចប្តឹងឡើងទៅស្ថាប័នតុលាការថែមទៀតផង ។

ក៏ប៉ុន្តែ ក្រោយពីអភិបាលរាជធានីភ្នំពេញលើកឡើងជុំវិញបញ្ហាចោលសំរាមខុសគោលដៅ រហូតមកដល់ម៉ោងនេះ មិនទាន់ឃើញ ថ្នាក់ សង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញអនុវត្តន៍នៅឡើយ សង្ស័យ ទុកគំនរសំរាមខុសគោលដៅ ដែលអាជ្ញាធរបានកំណត់ហើយនោះ គ្រាន់ឲ្យពលរដ្ឋហិតខែភ្ជុំបិណ្ឌ ? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post