
កំពង់ឆ្នាំងៈ ស្រ្តីម្នាក់ បានរងរបួសស្រាល ខណៈដែលបុរស២នាក់ បានគេចផុតពីការកាប់ប្រហារដោយពូថៅ តែម៉ូតូពួកគាត់ បានរងការខូតខាតស្រាល ដោយសារជនទំនើងស្រវឹងខួបម្នាក់ បានប្រើពូថៅ និងដំបង វាយនិងកាប់មកលើគេឯងគ្រប់គ្នានៅលើដងផ្លូវកៅស៊ូ ក្នុងក្រុងកំពង់ឆ្នាំង។
ករណីហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូមុខផ្ទះ៥ជាន់ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកបានឲ្យដឹងថា មុនដំបូងមានអ្នកកាសែតម្នាក់ បានជិះម៉ូតូស្គុបពី០១៨ ឈប់ទិញនំឲ្យកូននៅគៀនផ្លូវ មុខកន្លែងលក់ដូរអ្នកលក់ឈ្មោះ ផល្លី នៅក្រោមដើមរលួសមុខផ្ទះ៥ជាន់ ខណៈនោះជនប្រមឹកខួបម្នាក់ ឈ្មោះ ស្រួច បានដើរក្នុងភាពស្រវឹងជោកជាំ កាន់ពូថៅដងវែង១នៅដៃ បានដើរមកឈរទន្ទឹមនឹងបុរសជាអ្នកកាសែតនោះ ហើយស្រែកថា ម៉ាហ្វាដូចគ្នាទេវើយ តើហ្អែងចង់ម៉េច...!! ហើយគេក៏បានយកពូថៅកាប់សំដៅកញ្ចឹងកអ្នកកាសែតនោះ តែត្រូវបានអ្នកកាសែតនោះឱនក្បាលចុះក្រោមផុតពីផ្លែពូថៅទាន់ ហើយជនដៃដល់នោះ ក៏បានយកពូថៅកាប់ចំកុងទ័រម៉ូតូស្គុបពីគាត់ ២ពូថៅទៀត បណ្តាលឲ្យបែកកុងទ័រម៉ូតូខ្ទេចអស់ ខណៈនោះបុរសរងគ្រោះ ក៏បានបើកម៉ូតូរត់ចេញពីកន្លែងគ្រោះថ្នាក់ និងក៏ប្តឹងសមត្ថកិច្ចតាមទូរសព្ទ័ឲ្យមកជួយអន្តរាគមន៍។


បន្ទាប់មកមានម៉ូតូឌុប១គ្រឿងឌុបស្ត្រីម្នាក់មកដល់ ក៏ត្រូវបានជនដៃដល់កាប់១ពូថៅចំក្បាលតែសំណាងល្អ ដោយគាត់ពាក់មួយសុវត្ថិភាពមិនមុតដល់ក្បាល គាត់បានគេចដួលម៉ូតូ បណ្តាលឲ្យស្រ្តីចំណាស់ម្នាក់ ជិះលើម៉ូតូឌុបដួលរងរបួសស្រាលគ្រេចចង្កេះ និងគ្រេចជើង និងក៏មានអ្នកជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុជាច្រើននាក់ទៀត ត្រូវបានជនដៃដល់ប្រើដំបងវែងដេញវាយគេឯងគ្រប់គ្នា រត់គេចប្រសេកប្រសាចពេញផ្លូវថ្នល់។
នៅពេលជនដៃដល់ធ្វើសកម្មភាពអស់ប្រមាណ២០នាទី ទើបនគរបាលប៉ុស្តិ៍ប្អេរចំនួន៤នាក់មកដល់ចាប់ជនដៃដល់វៃខ្នោះដៃជាប់ ហើយសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ ឈ្មោះ ជួន ជនរដ្ឋា ហៅស្រួច អាយុជាង៣០ឆ្នាំ ជាក្រុមបងធំតាំងពីតូច និងធ្លាប់គុកជាច្រើនលើកដោយសារតែបានប្រើអំពើហិង្សាដោយចេតនា វាយនិងកាប់គេឲ្យរបួស និងទើបតែចេញពីគុកថ្មីៗនេះទេ។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនជនដៃដល់ទៅអោយស្ត្រីមេម៉ាយម្នាក់ជាមន្ត្រីរាជការក្នុងខេត្ត និងម្តាយជនដៃដល់នៅជិតកន្លែងកើតហេតុ ដើម្បីអោយគាត់ជាអាណាព្យាបាលជនដៃដល់ សងការខូតខាតដល់ជនរងគ្រោះ។



ក្នុងពេលនោះដែរ ស្តី្រជាម្តាយជនដៃដល់ឈ្មោះ ជា ណារត្ន័ ក៏បាននិយាយយ៉ាងឡូយរបៀបកាន់ជើងកូន មិនចង់ទទួលខុសត្រូវនូវអំពើរបស់កូនមកលើជនរងគ្រោះថា អាស្រួចកូនគាត់បើវាផឹកស្រាច្រើន វានឹងឆ្កួតវង្វេងស្មារតីហើយ និងបើមិនលក់ស្រាឲ្យវា ក៏គ្មានរឿងដែរ តែបើដឹងថា វាឆ្កួតហើយម៉េចក៏នាំគ្នាគេចពីវាទៅជិតវាធ្វើអី។ មានន័យថា ពេលឃើញកូនគាត់ស្រវឹងដើរកាប់គេឯងពេញផ្លូវ គឺប្រជាពលរដ្ឋ ដែលជិះម៉ូតូឡានម៉ាខេត្តកំពង់ឆ្នាំង ត្រូវគេចចេញពីវាទៅ ទើបសុខខ្លួន.....!!! មែនទេ !! ។ រឿងនេះ គេយល់ថា បើម្តាយជនដៃដល់ពាក់ស្លាកនៅនឹងកឲ្យធំៗ ដាក់ថា កុំមកជិតមនុស្សនេះ ពេលវាស្រវឹងប្រយត្ន័មានគ្រោះថ្នាក់ នោះគឺប្រហែលជាគេបានដឹងច្រើនគ្នា និងក៏គ្មានអ្នកចង់ជួបមុខវានាំអោយមានគ្រោះថ្នាក់នោះដែរ...!!។
រឿងនេះនៅព្រឹកថ្ងៃទី១៣ ខែតុលា បុរសអ្នកកាសែតបានសុំអោយលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលប្អេរ ជួយអន្តរាគមន៍ដោះស្រាយ តែពេលទូរសព័្ទសួរលោកស្រីម្តាយជនដៃដល់ គាត់ឆ្លើយថា គាត់ឈឺទៅព្យាលបាលជំងឺនៅក្រុងភ្នំពេញ តែគាត់ដឹងបែកកញ្ជក់កុងទ័រម៉ូតូស្គុបពី០១៨ប៉ុណ្ណឹងទិញថ្មីដូរអស់តែ៥ដុល្លារប៉ុណ្ណោះ ឥឡូវគាត់ឲ្យ១០ដុល្លារយកទៅដូរថ្មីទៅ ។ តែអ្នកកាសែតរូបនោះថា មិនយកលុយទេ សុំអោយតែគាត់យកម៉ូតូទៅធ្វើសងអោយស្អាតដូចដើមទៅ បើមិនដូច្នោះទេ នឹងមានរឿងប្តឹងផ្តល់គ្នាហើយ៕



