
ភ្នំពេញៈ គ្រោះថ្នាក់ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត TACOMA មួយគ្រឿង បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ចូលគន្លងផ្លូវម្ខាង ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់មនុស្សប្រុសស្រី៣នាក់។
គ្រោះថ្នាក់ចរារណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៣ (ជិតស្ថានីយប្រេងឥន្ធនៈ PTT) ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្ដាលឲ្យមនុស្ស៣នាក់ គៀបជាប់ក្នុងកាប៊ីនរថយន្តកូរ៉េ ភ្លាមៗត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ បញ្ជូនរថយន្តបំពាក់ដោយសម្ភារៈ ឧបករណ៍ សម្រាប់ ពុះ កាត់ និងរថយន្តសង្រ្គោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ក្រុមសង្រ្គោះបានប្រើឧបករណ៍កាត់ដែក ដែលប្រើថាមពលខ្យល់ ក្នុងប្រតិត្តការ កាត់ វះ ដែករថយន្ត ដើម្បីយកជនរងគ្រោះ ចំនួន៣នាក់ (ប្រុសម្នាក់ ស្រី២នាក់) ចេញពីក្នុងរថយន្តកូរ៉េនោះ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះអាយុជីវិត។



តាមប្រភពនៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា រថយន្តបង្កម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចកើតខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត រួចមិនបានបើកចូលគន្លងខ្លួនឯងវិញទេ ដោយបន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-4065 ដែលធ្វើដំណើរពីជើងទៅត្បូង ពេញទំហឹងតែម្ដង ដោយក្នុងកាប៊ីនមុខមានមនុស្ស៣នាក់ ដែលបើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ក្រៅពីនោះនៅមានសាច់ញាតិ ច្រើននាក់ទៀត ជិះនៅខាងក្រោយ តែមិនមានអ្នករងរបួសឡើយ។
ទោះជាយ៉ាងណាក្តី ជនរងគ្រោះទាំង៣នាក់ដែលគៀបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយះអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។



ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចុះមកវាស់វែង រថយន្តទាំង២គ្រឿង នឹងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយ។
ជាមួយគ្នានេះឯកឧត្ដម ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា ជារៀងរាល់ថ្ងៃ កងអនុសេនាធំចល័ត សង្គ្រោះបន្ទាន់៧១១ ឬហៅកាត់ថា (ក្រុមសង្រ្គោះបន្ទាន់៧១១ - RRC 711) បានដាក់កម្លាំងឈរជើង ប្រចាំការ (២៤ម៉ោងលើ២៤ម៉ោង) ចំនួន ៣គោលដៅដូចជា ៖ គោលដៅទី១ : នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ គោលដៅទី២ : នៅ DN ក្នុងបរិវេណអគ្គបញ្ជាការកងទ័ព ភ្នំពេញ។ ដោយបងប្អូនអាចទាក់ទងមកកាន់លេខប្រចាំបញ្ជា (២៤ម៉ោង) តាមរយៈលេខ 016700700 ។ ដោយឡែកគោលដៅទី៣ : គឺនៅសាលាមិត្តភាពកម្ពុជាជប៉ុន ភូមិ៣ សង្កាត់លេខ១ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ បងប្អូនប្រជាពលរដ្ឋអាចទាក់ទងហៅឡានសង្រ្គោះបន្ទាន់បានតាមរយៈលេខទូរស័ព្ទ 096 925 4440 / 088 777 1115 ។
ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ទៀតថា រាល់ការចេញជួយសង្គ្រោះ (ទាំងសង្គ្រោះបន្ទាន់ ទាំងអគ្គិភ័យ) គឺមិនគិតថ្លៃសេវាកម្មអ្វីទាំងអស់៕





