header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុទ្ធនាការប្រមូលថវិកាជួយដល់គ្រូបង្ហាត់ឆ្កែល្បីឈ្មោះរបស់កម្ពុជា តាមរយៈ Sabay បានបញ្ចប់ហើយ បន្ទាប់ពីបានធ្វើអស់ពេលប្រមាណជាបីសប្តាហ៍ ដោយមានការចូលរួមពីសាធារណជន ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍ ហើយលោក ហ៊ិន រតនា ក៏ត្រូវត្រៀមវះកាត់ជាលើកទី២ផងដែរ។

ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍ បានប្រគល់ថវិកាចំនួន១៥.០០០ដុល្លារ ដល់ក្រុមគ្រួសារលោក ហ៊ិន រតនា ដែលថវិកាទាំងនេះ បានមកពីសាធារណជនចំនួន៥០០០ដុល្លារ ក្រុមហ៊ុន Sabay ៥០០០ដុល្លារ និងធនាគារ ព្រីនស៍ ចំនួន ៥០០០ដុល្លារ។ ទោះយ៉ាងណា សាធារណជននៅតែអាចបន្តជួយបរិច្ចាគថវិកាដល់លោក ហ៊ិន រតនា តាមយៈគណនេយ្យផ្ទាល់របស់លោកដដែល។

នាយកប្រតិបត្តិក្រុមហ៊ុន Sabay លោក ជី សិលា ថ្លែងក្រោយពិធីប្រគល់ថវិកាដល់ក្រុមគ្រួសារលោក ហ៊ិន រតនា កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ថា យុទ្ធនាការនេះ គឺបង្ហាញពីទឹកចិត្តរបស់សាធារជន អ្នកគាំទ្រ Sabay និងអ្នកដែលស្រឡាញ់ចូលចិត្តលោក ហ៊ិន រតនា។

លោកបន្ថែមថា «ការជួយចែករំលែក មិនមែនមានន័យថា ដល់យើងមានរាប់រយដុល្លារ ១ពាន់ដុល្លារទេ សូម្បី១ដុល្លារ ក៏យើងជួយបាន អ៊ីចឹង១ដុល្លារៗទាំងអស់ហ្នឹង យើងបាន៥០០០ដុល្លារ... ខ្ញុំគិតថា វាជារឿងមួយដែលល្អ ហើយវាមិនមែនតែជាមួយលោក ហ៊ិន រតនា មួយទេ (អ្នកផ្សេង)យើងអាចជួយចេញពីទឹកចិត្តម្នាក់មួយដុល្លារ ពីរដុល្លារ»។

សម្រាប់លោកស្រី តែ មុយនី នាយិកានាយកដ្ឋានទំនាក់ទំនងអាជីវកម្មធនាគារព្រីនស៍ ដែលបានរួមចំណែកក្នុងការផ្តល់ថវិកានេះដែរ មានប្រសាសន៍ថា ធនគារមានគោលការណ៍រួមចំណែកជួយដល់សង្គម តាមរយៈមធ្យោបាយផ្សេងៗ។ លោកស្រីថា «ដូចជាករណីលោកគ្រូ ហ៊ិន រតនាដែរ បើមានតម្រូវការជួយ យើងនឹងជួយទៅតាមលទ្ធភាព ហើយការជួយនេះ យើងសង្ឃឹមថា នឹងធ្វើឲ្យមានវប្បធម៌ក្នុងការជួយគ្នាឲ្យកាន់តែប្រសើរឡើង»។

ចំណែកលោក ខ្លេង សុខហ៊ ត្រូវជាបងថ្លៃលោក រតនា បានថ្លែងអំណរគុណដល់សប្បុរជន ដែលបានជួយផ្តល់ជាថវិកាតាមលទ្ធភាពក្នុងយុទ្ធនាការនេះ។ លោកបន្តថា «យើងកោតសរសើរដល់ទឹកចិត្តសម្បុរសជនទូទៅទាំងក្រុមហ៊ុន ទាំងស្ថាប័នផ្សេងៗ... វាជាទម្លាប់មួយដែលប្រជាជនយើងចេះជួយគ្នា»។

គួរបញ្ជាក់ថា លោក ហ៊ិន រតនា បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ។ ក្រោយគ្រោះថ្នាក់នេះ ដោយសា្ថនភាពរបួសធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅប្រទេសថៃ។ នៅថ្ងៃទី៨ ខែតុលាខាងមុខ លោក ហ៊ិន រតនា ក៏នឹងត្រូវទទួលការវះកាត់ឆ្អឹងខ្នងម្តងទៀត។

លោក ហ៊ិន រតនា ជាបុគ្គលមួយ ដែលបានទទួលការបណ្តុះបណ្តាលជំនាញបង្ហាត់ឆ្កែនៅសហរដ្ឋអាមេរិក និងមិនត្រឹមតែឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងមានការទទួលស្គាល់ពីអន្តរជាតិផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post