
ភ្នំពេញៈ នៅក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ សមាជិព្រឹទ្ធសភា សំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រ លោក ស៊ឹម កា ឱ្យធ្វើជាអនុប្រធានទី១ ជំនួស លោក នៃ ប៉េណា ដែលបានទទួលមរណភាព កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានមានប្រសាសន៍ថា សម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកមិញនេះ បានប្រារពឡើងក្រោមវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន៥៨រូបលើ៦២រូប។ ក្នុងនោះបានលើកយករបៀបវារៈចំនួន២មកធ្វើការអនុម័ត ដែលទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤, និង ទី២ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤។
ក្រៅពីបោះឆ្នោតនេះ ព្រឹទ្ធសភា ក៏ទទួលស្គាល់ លោកស្រី កង សៅរ៍ធន ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី៥ ជំនួសលោក នៃ ប៉េណា។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងផងដែរ។
អ្នកនាំពាក្សរូបនេះបញ្ជាក់ថា លោក ស៊ឹម កា ពិតជាសក្តិសមបំផុតចំពោះមុខតំណែងថ្មីនេះ ព្រោះលោកគឺជាអ្នកបំរើជាតិ និងមានស្នាដៃ បទពិសោធន៍ដឹកនាំតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដូច្នេះការព្រឹទ្ធសភាភាគច្រើនលើសលុបបានបោះឆ្នោតគាំទ្ររូបលោកឱ្យធ្ចើជាអនុប្រធានទី១ព្រឹទ្ធសភានិតិកាឮរទី៤៕








