
ភ្នំពេញៈ នារីមួយក្រុមបើករថយន្ដ Highlander ទៅបុកជាមួយរថយន្ដ Ranger Rover ស៊េរីទំនើប បណ្ដាលឲ្យក្រឡាប់ ៣ជុំផ្ងារជើង មួយចំហៀង និងរថយន្ត Highlander រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១២ និង៤០រំលងអធ្រា្រត ឈានចូលថ្ងៃ ព្រហស្បតិ៏ ទី ១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្ទុប ណាន ជីង តាមបណ្ដោយផ្លូវលេខ១៦៩ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា នៅពេលកើតហេតុ គេសង្គេតឃើញ រថយន្ដសេរីទំនើបម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AY- 3663 ដែលបើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានឆ្លងស្ទុប ទាំងមិនបន្ថយល្បឿន ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-6117 បើកបរដោយនារីមួយក្រុមមានគ្នា៣នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើត មកលិច ក្នុងល្បឿនលឿនដូចគ្នា ហើយក៏បុករថយន្តម៉ាក Ranger Rover ពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Ranger Rover ក្រឡាប់៣ត្រឡប់រងការខូចខាតយ៉ាងដំណំ រីឯរថយន្ត Highlander រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំផងដែរ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។



ក្រោយកើតហេតុ ភាគីរថយន្តទាំង២ បានចេញពីកន្លែងកើតហេតុទុករថយន្តចោលរៀងៗខ្លួន។
បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងនេះទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕


