header ads

Sponsor

រិទ្ធី

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលនៃគណៈអភិបាលខេត្ត​មណ្ឌលគិរី បានអះអាងថាមិនឃើញ​មាន​បទល្មើស​ជា​ដុំកំភួន​នោះទេ ពិសេស​ការ​ចរាចរ​ឈើ​ពី​ខេត្ត​មណ្ឌលគិរីទៅលក់នៅប្រទេសវៀតណាម។ ការអះអាងបែបនេះធ្វើឡើង ក្រោយពី ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​ដឹកនាំ​ក្រុម​គណៈកម្មាធិការ​ចម្រុះ​ខេត្ត ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ និងទប់ស្កាត់​បទល្មើស​ព្រៃឈើ​ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​នៅ​ទូទាំង​ខេត្ត​។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​រង​ការស្ដីបន្ទោស​ពី​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពីប៉ុន្មានថ្ងៃមុន​។

ឯកឧត្តម ស្វាយ សំ​អ៊ាង ថ្លែងប្រាប់​កា​សែតក្នុង​ស្រុកថា ក្នុង​យុទ្ធនាកា​រនា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គណៈកម្មការ​ចម្រុះ​ខេត្ត​បាន​ចុះ​ពិនិត្យ​អង្កេត នៅតាម​តំបន់​ជាប់​ព្រំដែន​ប្រទេស វៀតណាម ដែល​ត្រូវបាន​គេ​រាយការណ៍​ថា មានការ​លួចលាក់​ដឹកឈើ​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​ត្រួតពិនិត្យ​នៅតាម​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​ក្នុងស្រុក​កោះ​ញែក​ ដែល​កំពុង​វិនិយោគ​លើ​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច​ផងដែរ​។​

​តែទោះជា​យ៉ាងណា ឯកឧត្តមអភិបាលខេត្ត​បានដាក់បទបញ្ជា​លើ​ក្រុមហ៊ុន​ដែលមាន​វត្តមាន​នៅក្នុង​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច ហាម​ដាច់ខាត​មិន​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ពី​ខាងក្រៅ​ទៅ​ប្រថាប់ត្រា​ទៅជា​ឈើ​ស្របច្បាប់​នោះទេ ហើយ​ប្រសិនបើ​ស្រាវជ្រាវ​រកឃើញ នឹង​បញ្ឈប់​ក្រុមហ៊ុន​នោះ​ភ្លាម​។​

ក៏ប៉ុន្តែ បើយោងតាមអង្គការ Global witness បានចេញរបាយការណ៍ស៊ើបអង្កតជាច្រើនស្តីពីវិនាសកម្មព្រៃឈើ នៅកម្ពុជានៅក្នុងរយៈពេលជាង២០ឆ្នាំ ឬយ៉ាងហោចណាស់ចាប់ពីឆ្នាំ១៩៩៥ មក របាយការណ៍របស់អង្គការមួយនេះបានលើកឡើងថាវិនាសកម្មព្រៃឈើបង្កឡើងដោយអ្នកមានអំណាច មានលុយ និងមានឥទ្ធិពល ហើយបុគ្គលទាំងនោះសុទ្ធមានភាពចិត្តស្និទ្ធជាមួយសម្តេច ហ៊ុន សែន។

សូមរំលឹក​ថា ក្នុង​កិច្ចប្រជុំ​បូកសរុប​សកម្មភាព និង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា​ ​កន្លងទៅ សម្ដេច ស ខេង បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌល​គី​រី ដោះស្រាយ និង​ការពារ​ចំពោះ​បញ្ហាព្រៃឈើ ហើយ​ជាមួយគ្នា​នោះ​ សម្តេច​ក៏បាន​ព្រមាន​ជា​ពាក្យ​សម្ដី​​ធ្ងន់ៗ​ទៀតថា បើ​ធ្វើ​រឿងនេះ មិន​បានទេ គឺ​ពិតជា​មានរឿង​ធំ​កើតឡើង​ជា​មិនខានឡើយ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post