header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ គ្លីនិកទេវិន្ទរក្សាសុខ ដែលស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃថា គ្លីនិកនេះព្យាលបាលអ្នកជំងឺ​មានតម្លៃថ្លៃកប់ពពក ហើយឲ្យអ្នកជំងឺ​ដទៃទៀតគួរពិចារណា។ ការរិះគន់នេះ ត្រូវបានគេធ្វើឡើងតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអ្នកជំងឺ​បានជាសះស្បើយនឹងបានចេញត្រឡប់ទៅផ្ទះវិញ។

យោងតាមការសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដែលមានម្ចាស់អាខោនឈ្មោះ Serey Song ដែលគេស្គាល់ថា ជាប្អូនបង្កើតរបស់អ្នកជំងឺ​ឈ្មោះ សុង ហូន ភេទស្រី អាយុ៥៨ឆ្នាំ  បានសរសេរបង្ហោះកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ថា បងស្រីខ្ញុំគាត់បានចេញពីមន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខហើយ ដោយគ្រួសារយើងខ្ញុំបានស្នើសុំចេញ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយសារមកព្យាបាលជំងឺ​នៅទីនេះ គឺមានការយកថ្លៃព្យាបាលថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយៈពេល៨ថ្ងៃអស់ចំនួន ៨,៥២០,០០០៛ ធ្លាប់តែឮបងប្អូននិយាយតៗគ្នា ឥឡូវទើបបានដឹងច្បាស់។ អាស្រ័យហេតុនេះ សូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តមកព្យាបាល ។

ទាក់ទងនិងព័ត៌មាននេះ ភ្នាក់ងារ CAM POST បានចុះទៅសម្ភាសន៍ដល់លំនៅដ្ឋានរបស់អ្នកជំងឺ​ផ្ទាល់ ដោយបានជួបជាមួយអ្នកជំងឺ​ និងកូនស្រីបង្កើតរបស់អ្នកជំងឺ​ឈ្មោះ ស្រី​ មាស អាយុ៣២ឆ្នាំ ដោយពួកគាត់បានធ្វើការបដិសេធទាំងស្រុង ជុំវិញការបង្ហោះសារក្នុងបណ្តាញសង្គមនេះ។ គាត់បានរៀបរាប់ថា ម្តាយរបស់គាត់ត្រូវបានក្រុមគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈពេលដែលគាត់កំពុងមានស្ថានភាពជំងឺ​ធ្ងន់ធ្ងរ លើជំងឺ ៖ ហើមសួតខ្លាំង , ឈាមឡើងខ្លាំង , ជំងឺ​ទឹកនោមផ្អែម(ជាតិស្ករឡើងខ្លាំង) ធ្វើឲ្យគាត់មានរោគសញ្ញា ក្អកខ្លាំង , ឡើងស្លេស, ហត់ដង្ហក់ខ្លាំង ដោយបានសម្រាកព្យាបាលក្នុងបន្ទប់ពិសេស មានម៉ាស៊ីនត្រជាក់ មានតែអ្នកជំងឺម្នាក់ និងអ្នកមើលថែប៉ុណ្ណោះ ដោយសម្រាកព្យាបាលរយៈពេល៨យប់ ៩ថ្ងៃក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួពេទ្យ និងបានបំពាក់ឧបករណ៍គ្រប់គ្រាន់ក្នុងការព្យាលម្តាយរបស់គាត់។

ស្រី​ មាស​ បានបញ្ជាក់ផងដែរថា​ ចំពោះតម្លៃនៃសេវាព្យាបាលវិញ គឺមិនមានបញ្ហាអ្វី ឬមានតម្លៃថ្លៃហួសហេតុនោះទេ ព្រោះម្តាយគាត់បានរួចផុតពីគ្រោះថ្នាក់​ដល់ជីវិត គឺគាត់បានសះស្បើយពីជំងឺ​។ ហើយការ ដែលពួកគាត់សម្រេចចិត្តចេញពីមន្ទីរពេទ្យនេះ គឺដោយសារតែពួកគាត់ពុំមានថវិកាច្រើន សម្រាប់បន្តការសម្រាកព្យាល។ មួយវិញទៀត​ ស្រី​ មាស​ ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្នុងរយៈកាល ដែលម្តាយរបស់គាត់កំពុងតែក្នុងស្ថានភាពគ្រោះថ្នាក់ គឺពុំដែលឃើញវត្តមានឈ្មោះ​ serey  song​ ត្រូវជាពូ​ មកមើល ឬឈឺឆ្អាលឡើយ​ ក្រោយចេញពីគ្លីនិក ទើបឃើញមុខ។

ដោយឡែកលោក ទេវិន្ទ ម្ចាស់គ្លីនិកទេវិន្ទរក្សាសុខ បានឲ្យដឹងថា ចំពោះបញ្ហាអ្នកជំងឺ​ដែលចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់លោក គឺខាងគ្លីនិកតែងមើលថែទាំយ៉ាងយកចិត្តទុកដាក់ ដោយមិនយកលុយជាសំខាន់នោះទេ គឺយកអាយុជីវិតរបស់មនុស្សជាសំខាន់ ហើយការដែលអ្នកជំងឺ​ខាងលើ ត្រូវចំណាយលុយច្រើនជាមួយនឹងការសម្រាកព្យាបាលនេះ គឺដោយសារគាត់សម្រាករយៈពេលយូរ ក្នុងបន្ទប់ពិសេស ហើយប្រើថ្នាំខ្លាំងៗល្អៗ ជាច្រើនមុខ ដាក់ឧកស៊ីសែនជាប់ជាប្រចាំ ព្រោះគាត់ដង្ហក់ពិបាកដកដង្ហើម។ មួយវិញទៀត ពេលចេញពីគ្លីនិក ដោយយល់ថា គាត់ត្រូវចំណាយថវិកាច្រើន ហើយគាត់មានជីវភាពមិនសូវធូរធារផងនោះ ខាងគ្លីនិក ក៏បានបន្ធូរបន្ថយតម្លៃជូនគាត់ផងដែរ ហើយការទូទាត់ថ្លៃសម្រាកព្យាបាលនេះ បានបញ្ចប់ទៅយ៉ាងល្អមិនមានបញ្ហាអ្វីនោះទេ តែមិនដឹងយ៉ាងម៉េច ក្រោយចេញពីគ្លីនិក ស្រាប់តែប្អូនរបស់គាត់សរសេរសារបង្ហោះក្នុងបណ្តាញសង្គម ហ្វេសបុក ដូចខាងលើតែម្តង។

ជាថ្មីម្តងទៀត បញ្ហានេះត្រូវបានអ្នកជំងឺ​ និងកូនស្រីបង្កើតរបស់អ្នកជំងឺ​បញ្ជាក់ម្តងហើយម្តងទៀតថា សម្រាប់ពួកគាត់ គឺមិនមានបញ្ហាអ្វីនោះទេ ហើយការលើកឡើងរបស់ប្អូនអ្នកជំងឺ​ក្នុងបណ្តាញសង្គម គឺទំនងជាគាត់ពុំដឹងរឿងច្បាស់ទេ ដោយសារតែគាត់មិនមែនជាអ្នកមើលថែផ្ទាល់ គ្រាន់តែអើតម្តងម្កាល ហើយក្រោយពេលគិតលុយគាត់បានយកឯកសារមកថតបង្ហោះនោះ ជារឿងរបស់គាត់ ពួកខ្លួនមិនដឹងរឿងឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post